Thursday, November 19, 2015

កូនក្រមុំស្រែកទ្រហោយំ ក្រោយតុលាការសម្រេចឃុំខ្លួនកូនកំលោះ ពាក់ព័ន្ធការប្រើអំពើហិង្សា​លើ​ក្រុម​ភ្លេង (Video Inside)



(កណ្តាល)៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរស ២នាក់ (ម្នាក់ទើបរៀបការ) ខណៈឪពុករបស់ពួកគេត្រូវឲ្យនៅក្រៅឃុំ តាមរយៈការតម្កល់ប្រាក់ចំនួន ៣,០០០ដុល្លារ ពាក់ព័ន្ធការប្រើអំពើហិង្សាលើក្រុមភ្លេង ២នាក់ ឪពុកនិងកូនបណ្តាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
សម្រាប់ពួកគេទាំង៣នាក់ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា»។ ការឃុំខ្លួនជនត្រូវចោទទាំង ២នាក់ខាងលើនេះ បានធ្វើឲ្យនារីម្នាក់ដែលជាប្រពន្ធរបស់ខ្លួនទើបរៀបការ ស្រែកទ្រហោយំយ៉ាងខ្លាំងនៅមុខតុលាការ ។ ចំពោះការចោទប្រកាន់ និងសម្រេចឃុំខ្លួនជនទាំង ៣នាក់នេះ ត្រូវបានសាច់ញាតិ និងមេធាវីការពារក្តីមិនអាចទទួលយក ដោយសំអាងថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ពោលគឺក្រុមភ្ញៀវនោះទេ ដែលជាអ្នកព្រួតវាយភាគីជនរងគ្រោះ។
មេធាវីការពារក្តីរបស់ជនទាំង ៣នាក់ បានស្នើសុំឲ្យតុលាការធ្វើការដោះលែងឲ្យនៅក្រៅឃុំ និងសុំឲ្យសមត្ថកិច្ច ទាំងអាវុធហត្ថ និងនគរបាលធ្វើរបាយការណ៍សាជាថ្មី ព្រមទាំងចាត់វិធានការចំពោះជនរងគ្រោះម្នាក់ជាឪពុក ប្រើកំាភ្លើងខុសច្បាប់។
សូមបញ្ជាក់ថា រឿងរ៉ាវដែលឈានទៅដល់ការប្រើអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះការខាងបុ្រស ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើឲ្យឪពុក និងកូន២នាក់ជាអ្នកភ្លេង បានរងរបួសធ្ងន់ក្រោយពីមនុស្សមួយក្រុម បាននាំគ្នាព្រួតវាយដោយសារឌឺដងគ្នា រឿងសុំបន្តចាក់បទចម្រៀង ៤ទៅ៥បទទៀតទើបឈប់ ។
យោងតាមរបាយការណ៍របស់មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ពិធីមង្គលការនេះមានកូនកំលោះឈ្មោះ ផាត សុគា និងកូនក្រមុំ ឈ្មោះ ផូ ស្រីភីម រីឯជនរងគ្រោះឈ្មោះ លី ម៉ន អាយុប្រហែល ៥៥ឆ្នាំ ជាឪពុក និងឈ្មោះ ឈាង សុងម៉េង អាយុ៣៨ឆ្នាំមុខរបរ នាយអាវុធហត្ថលើផ្ទៃប្រទេសរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋហៅឡានពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែដោយសភាពរបួសឈ្មោះ លី ម៉ន (ឪពុក) ធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
របាយការណ៍បានបន្តថា កន្លែងកើតហេតុជាផ្ទះមង្គលការ (ខាងប្រុស) កូនកំលោះឈ្មោះ ផាត សុគា និងកូនក្រមុំ ឈ្មោះផូ ស្រីភីម ដែលម្ចាស់ផ្ទះឈ្មោះ ឡោ ផាត ជាឪពុកកូនកំលោះបានជួលភ្លេងរបស់ជនរងគ្រោះ មកចាក់កំដរក្នុងពិធីមង្គលការកូន លុះដល់ម៉ោង១១យប់ ដល់ពេលត្រូវបិទភ្លេង ក្រុមជនសង្ស័យរួមនិងកូនកំលោះ បានប្រាប់ឲ្យម្ចាស់ភ្លេងចាក់បន្តរហូតដល់ម៉ោងកើតហេតុ ។ នៅពេលដែលជនរងគ្រោះជាឪពុកបានបិទភ្លេង ក៏កើតជាជម្លោះប្រកែកពាក្យសម្តី ហើយក្រុមជនសង្ស័យគប់ដបទឹក កែវស្រា និងស្ទុះមកព្រួតវាយជនរងគ្រោះជាឪពុក បណ្តាលអោយរងរបួសជាទម្ងន់។ ឃើញដូច្នេះជនរងគ្រោះជាកូន បានដកកាំភ្លើងខ្លីបាញ់ឡើងលើ ១គ្រាប់ ដើម្បីបង្អាក់សកម្មភាពទាំងនេះ តែត្រូវជនសង្ស័យ (បងបង្កើតកូនកំលោះ) ដណ្តើមយកកាំភ្លើងបានក៏វាយទៅលើជនរងគ្រោះ និងអាវុធខ្លីនោះ ចំណែកបក្ខពួកមានខ្លះយកកែវស្រា ដបស្រា ដំបង មកព្រួតគ្នាវាយទៅលើជនរងគ្រោះពីរនាក់ឪពុកកូន បណ្តាលឲ្យរងរបួសជាទម្ងន់ រហូតដល់សន្លប់បាត់ស្មារតីលើចិញ្ចើមផ្លូវជាតិលេខ១ មុខរោងការ ហើយក្រុមជនសង្ស័យខ្លះនៅបន្តផឹកស៊ី ខ្លះរត់គេចចេញពីកន្លែងកើតហេតុ ខាងម្ចាស់ដើមការនាំគ្នាចាក់សោរផ្ទះ សង្ងំដូចគ្មានរឿងអ្វីកើតឡើង ។
មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយ បានរាយការណ៍ករណីនេះជូនថ្នាក់ខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសដោយយល់ឃើញថា បទល្មើសនេះជាបទល្មើសជាក់ស្តែងមានលក្ខណៈធ្ងន់ធ្ងរ លោកបានសុំបទបញ្ជាធ្វើការ ឡោមព័ទ្ធទីកន្លែងផ្ទះកើតហេតុ ដើម្បីការពារក្រុមជនសង្ស័យខ្លាចមានការសងសឹកពីក្រុមជនរងគ្រោះ និងកុំអោយរត់គេចខ្លួន ការពារមិនអោយបាត់បង់វត្ថុតាងពីកន្លែងកើតហេតុជាដើម ។
ទន្ទឹមគ្នានេះដែរ លោកបានព្យាយាមទំនាក់ទំនងអ្នកជិតខាង ពិសេសផ្ទះមង្គលការដើម្បីសាកសួរព័ត៌មាន តែម្ចាស់ផ្ទះទាំងនោះពុំព្រមឡើយ។ លុះព្រឹកឡើងម៉ោង៩ ទៅហើយ ក៏ម្ចាស់ផ្ទះការនៅតែពុំព្រមបើកទ្វារឲ្យសមត្ថកិច្ចដដែល ទោះបីមានអាជ្ញាធរមូលដ្ឋានចូលរួមក៏ដោយ រហូតដល់ម៉ោង ៩៖៥០នាទី នៅពេលដែលលោកព្រះរាជអាជ្ញារង ដឹកនាំមន្រ្តីជំនាញកម្លាំងអាវុធហត្ថថ្នាក់ខេត្តមកដល់ ទើបក្រុមម្ចាស់ផ្ទះការបើកទ្វារចេញមកជួបសមត្ថកិច្ចធ្វើការសួរនាំ រហូតដល់មានការនាំខ្លួនយកទៅសួរនាំ និងសម្រេចបញ្ជូនទៅតុលាការតែម្តង៕

No comments:

Post a Comment