លោកតាជនជាតិចិនវ័យ៨៤ឆ្នាំម្នាក់ មកពីភូមិដាច់ស្រយាលមួយ បានធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងកោតសរសើរជាខ្លាំង ក្រោយបានបង្ហាញក្ដីស្រលាញ់ពិតក្នុងការមើលថែប្រពន្ធឈឺដេកនឹងកន្ទេលអស់រយៈពេលជាង ៥៦ឆ្នាំកន្លងទៅ។ គូស្នេហ៍យាយតាបានរៀបការជាមួយគ្នាបានតែ៥ខែប៉ុណ្ណោះ លោកយាយជាប្រពន្ធក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺតែម្ដង។
លោកតា Du Yuanfa ជាកសិកររស់នៅភូមិ Sunjiayu ខេត្តសានទុង ភាគខាងកើតប្រទេសចិន បានបោះបង់ការងារជាអ្នកជីករ៉ែត្បូង ដើម្បីយកពេលមើលថែប្រពន្ធឈ្មោះ Zhou Yu’ai ទាំងថ្ងៃទាំងយប់ បន្ទាប់ពីលោកយាយក្លាយជាមនុស្សពិការ ក្នុងឆ្នាំ ១៩៥៩។
លោកតា Du អាយុ ៨៤ឆ្នាំ និងលោកយាយ Zhou អាយុ៧៦ឆ្នាំ បានរៀបការនៅអាយុ ២០ឆ្នាំ។ រៀបការបានត្រឹម៥ខែ លោកយាយបានកើតជំងឺអាថ៌កំបាំងមួយធ្វើឲ្យកម្រើកលែងរួចតាំងពីពេលនោះតែម្ដង។
ខណៈយាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរភ្លាម លោកតា Du បានកំពុងតែជីករ៉ែ នៅក្បែរទីក្រុងTai’an និងត្រូវបានគ្រួសារផ្ញើសំបុត្រប្រាប់យ៉ាងខ្លីថា «ប្រពន្ធតាឈឺធ្ងន់ ដេកនឹងកន្ទេលហើយ»។ ភ្លាមៗក្រោយទទួលដំណឹងនេះ តាបានចាកចេញពីកន្លែងធ្វើការ និងត្រលប់មកផ្ទះយ៉ាងប្រញាប់បំផុត។ ពេលមកដល់ផ្ទះ ក៏ឃើញប្រពន្ធដេកនឹងកន្ទេលដណ្ដប់ភួយបាត់ទៅហើយ សូម្បីតែការងារយាយធ្លាប់ធ្វើជាប្រចាំក៏ធ្វើលែងកើតដែរ។ លោកតាប្រាប់ថា ប្រពន្ធគាត់រឹងគ្រប់សរសៃមិនអាចកម្រើក មិនអាចកាន់របស់នឹងដៃ រួមទាំងស្លាបព្រាពិសាអាហារផង។
ដោយមើលឃើញបែបនេះ លោកតាបានដាក់យាយលើកៅអីរុញ ដើរស្វែងរកមន្ទីរពេទ្យពិគ្រោះយោបល់អស់ជាច្រើនកន្លែងដែរ។ តែលទ្ធផលចេញមកថា លោកយាយមិនអាចកម្រើកបានវិញទេ ហើយត្រូវពិការដេកនឹងកន្ទេលអស់មួយជីវិត។
លោកតាបន្ត មិត្តភ័ក្ដិជាច្រើននាក់បានប្រាប់គាត់ឲ្យបោះបង់យាយចោល ទៅស្វែងរកជីវិតថ្មី ជាមួយប្រពន្ធថ្មីទៅ តែលោកតាបានបដិសេធ។ លើសពីនេះ លោកតាបានប្រាប់យាយកំពុងឈឺថា «កុំបារម្ភអី ខ្ញុំនឹងមើលថែយាយវាឯងជារៀងរហូតទាល់ខ្ញុំអស់ជីវិត»។ លោកទាំងពីរ បច្ចុប្បន្នរស់នៅក្នុងផ្ទះតម្រៀបដុំថ្ម តាមបែបសាមញ្ញ និងដាំថ្នាំបុរាណចិនពិសាតាមបែបប្រពៃណី និងឡើងភ្នំស្វែងរកថ្នាំផ្សេងៗ ពេលឮគេប្រាប់ថាអាចផឹកស្រួលខ្លួន។
មកទល់ពេលនេះ អាជ្ញាធរប្រចាំតំបន់ បានចុះឈ្មោះលោកទាំងពីរក្នុងបញ្ជី សម្រាប់ជួយពីសប្បុរសជនហើយ៕
No comments:
Post a Comment