ដុំពេជ្រធំជាងគេបំផុតនៅមួយសតវត្សចុងក្រោយនេះ ត្រូវបានគេរកឃើញនៅកន្លែងរុករករ៉ែ Karowe ប្រទេសបុតស្វាណា ទ្វីបអាហ្រ្វិក ទំហំ ១១១១ការ៉ាត់ ឬវិមាត្រ ៦៥មមx ៥៦មមx ៤០មម និងមានតម្លៃជាង ៣៨លានដុល្លារអាមេរិកឯណោះ។ ទំហំនេះត្រូវបានគេចាត់ទុកជាទំហំធំជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក ខណៈពេជ្រធំបំផុតដាច់គេត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ប្រភេទ Cullinan Diamond ទំហំ ៣១០៦ការ៉ាត់។
ក្រុមហ៊ុនរកពេជ្រ Lucara Company បានបង្ហើបឲ្យដឹងនៅសប្ដាហ៍នេះថា ពេលរកឃើញដុំពេជ្រដ៏ធំខាងលើ គេក៏បានប្រទះឃើញដុំពេជ្រធំៗពីរផ្សេងទៀតដែរ គឺមួយគ្រាប់ទំហំ ៨១៣ការ៉ាត់ និងមួយទៀត ទំហំ ៣៧៤ការ៉ាត់។
បើយោងទៅតាមអ្នកវិភាគខាងរ៉ែត្បូង លោក Phil Swinfen នៅក្រុមហ៊ុន Numis និយាយថា ពេជ្រខ្នាតយក្សនេះអាចលក់បានជាង ៣៨លានដុល្លារ ហើយនឹងត្រូវអ្នកជំនាញពេជ្រទិញយក ដើម្បីកាត់កែច្នៃរួចលក់បានម្ដងទៀត។ ក្រោយពីកែច្នៃ គេអាចដាក់លក់ដេញថ្លៃបានច្រើនជាងតម្លៃដើម ៣៨លាននេះ ពីរបីដងទៀតផង៕
No comments:
Post a Comment