Tuesday, October 27, 2015

សំណេរ​រៀបរាប់ សុវត្ថិ​ឌី ធា​រី​កា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រក់​ទឹកភ្នែក​


បន្ទាប់ពី​ចាកចេញ​ពី​កម្មវិធី Cambodian Idol មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង បេ​ក្ខ​នារី សុវត្ថិ​ឌី ធា​រី​កា ត្រូវបាន​មហាជន​ជាច្រើន​ដែល​និយម​ចូលចិត្ត និង គាំទ្រ​សំឡេង​ក្មេងស្រី​តូច​ម្នាក់នេះ​បាន​សរសេរ​សារ​លើកទឹកចិត្ត និង ជូនពរ​នាង​ជា​ហូរហែ​តាម​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​កុំឱ្យ​នាង​អស់សង្ឃឹម ហើយ​ខំប្រឹង​ព្យាយាម​បន្តទៀត​ដើម្បី​ក្តី​ស្រមៃ​នៅលើ​វិថី​សិល្បៈ​នេះ​។


 ​ការចាកចេញ​របស់ សុវត្ថិ​ឌី ធា​រី​កា នេះ​បានធ្វើឱ្យ​មហាជន​ជាច្រើន​ខកចិត្ត និង សោកស្តាយ​ពី​ទឹកដម​សំឡេង និង សមត្ថភាព​របស់​នាង​យ៉ាងខ្លាំង សូម្បីតែ​គណៈកម្មការ​ក៏មាន​អារម្មណ៍​សោកស្តាយ និង បាន​សម្រក់​ទឹកភ្នែក​ដែរ ក្នុងនោះ លោក ជា វណ្ណ​រិ​ទ្ធ ដែលជា​ពិធីករ​នៅក្នុង​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​មួយ​នេះដែរ​ដោយ​លោក​សរសេរថា​« ធា​រី​កា និយាយ ​មាន​អារម្មណ៍​ថា​ស្រណោះ និង សោកស្តាយ បំផុត ព្រោះ​ធ្លាប់​បរាជ័យ​ម្តង មិនមែន​ម្តង​ទេ​ជា​ច្រើនដង​មកហើយ តែ​សង្ឃឹមថា​បរាជ័យ​លើក​នេះ​ជា​ភាពជោគជ័យ​របស់ខ្ញុំ។ ពេញចិត្ត​នឹង​សម្តី​នេះហើយ​ភាពក្លាហាន​របស់ ធា​រី​កា គឺជា​គំរូ​ដល់​បេក្ខជន និង បេ​ក្ខ​នារី​ដទៃទៀត ។ ប្អូនស្រី​មកដល់​វគ្គ​នេះ​គឺជា​ភាពជោគជ័យ​មួយ​ក្នុង​វិថី​សិល្បៈ​មែន កុំ​អស់សង្ឃឹម ប្អូន​អាច​នឹងមាន​ភាពល្បីល្បាញ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ។ បង​នៅ​ជា​កម្លាំងចិត្ត​ចំពោះ​ប្អូនស្រី សុវត្ថិ​ឌី ធា​រី​កា ។ ជួយផ្តល់​កម្លាំងចិត្ត​ប្អូនស្រី​ផង អ្នក​ទាំងអស់គ្នា​…» ។​


​ ​ឆ្លើយតប​នឹង​ការគាំទ្រ និង ការលើកទឹកចិត្ត​យ៉ាង​ក្រាស់ក្រែល​នេះ ស្រី​តូច​មាឌ​ស្អិត សុ​វត្ថ​ឌី ធា​រី​កា បាន​សរសេរ​សារ​ជា​សំបុត្រ​ផ្ទាល់ដៃ​សុំទោស និង ថ្លែងអំណរគុណ​ជូន​ចំពោះ​ទស្សនិកជន និង មហាជន​ទាំងអស់​ដែលមាន​សេចក្តី​ដូចតទៅ (​យើង​រក្សា​សំណៅ​ដើម​នៃ​សេចក្តីសំបុត្រ​របស់​នាង​)៖



​នាង​ខ្ញុំ សុវត្ថិ​ឌី ធា​រី​កា​        

​សូម​លើក​ម្រាមដៃ សុំ​ការ​អភ័យទោស​ពី​សំណាក់ លោកតា លោកយាយ លោក​អ៊ុំ​លោកពូ អ្នក​មីង បងប្អូន ជា​ប្រិយមិត្ត​ដែល​បាន​គាំទ្រ និង ផ្ញើ​សារ​ដល់​រូបនាង​ខ្ញុំ​តាំងពី​វគ្គ​ដំបូង​រហូតមកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ពីព្រោះថា​នាង​ខ្ញុំ​គ្មាន​លទ្ធភាព​បាន​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​តាម​ការរំពឹងទុក និង ធ្វើ​ឲ្យ​មានការ​ខកចិត្ត​ជាខ្លាំង​ចំពោះ​រូបនាង​ខ្ញុំ​។

នាង​ខ្ញុំ​ពិតជា​សោកស្តាយ​ពន់ពេក​ក្នុង​រាត្រី​ដែល​នាង​ខ្ញុំ​ត្រូវ​ចាក​ចេញពី​កម្មវិធី Cambodian Idol ក្នុង​សប្តាហ៍​ទី​៨​នេះ​។​

​នាង​ខ្ញុំ​ពិតជា​អា​លោះ​អាល័យ​ពន់ពេក ខណៈពេលដែល​នាង​ខ្ញុំ​ធ្វើដំណើរ​ចេញមក​មាន​អ៊ំស្រី​ជា​ប្រិយមិត្ត​គាំទ្រ​បាន​ឱប​នាង​ខ្ញុំ​ទាំង​ទឹកភ្នែក​ដ៏​មានតម្លៃ​របស់គាត់ ធ្វើ​ឲ្យ​ទឹកចិត្ត​ដ៏​រឹងមាំ​របស់ខ្ញុំ​មិនអាច​ទប់​បាន ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណា ដោយ​វិថី​សិល្បៈ​មួយ​នៃ​នៅ​វែងឆ្ងាយ​តទៅទៀត​សម្រាប់​នាង​ខ្ញុំ​ដោយ​មិន​អស់សង្ឃឹម​ឡើយ វា​ជា​ក្តី​ស្រមៃ និង ការតាំង​ចិត្ត​តាំងពី​កុមារ​រ​ភាព ទោះបី​ដួល​ថ្ងៃនេះ ប៉ុន្តែ​នាង​ខ្ញុំ​នឹង​ក្រោកឈរ​បន្ត​តាមរក​ក្តី​សុបិន​មួយ​នេះ ដើម្បី​ក្លាយជា​អ្នកសិល្បៈ​ម្នាក់​ដែលមាន​ក្នុង​អារម្មណ៍ និង ដួងចិត្ត​ទស្សនិកជន និង បន្ត​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ឲ្យ​អស់ពី​លទ្ធភាព​ទោះជា​នាង​ខ្ញុំ​មិនបាន​ទទួល​ពានរង្វាន់​មួយ​នេះ​ក៏ដោយ​។​

ជាមួយគ្នានេះដែរ នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​គណៈ​គ្រប់គ្រង​ស្ថានីយទូរទស្សន៍​ហង្ស​មាស បងៗ​គណៈកម្មការ​ទាំង​៤​រូប បង​ពិធីករ ពិធី​ការិនី បង​បៗ​ក្រុម​ភ្លេង និង ក្រុមការងារ​កម្ម​វ​ធី Cambodan Idol ទាំងមូល​ដែល​បាន​ផ្តល់ឱកាស និង​បទពិសោធន៍ និង​ដំបូន្មាន​ល្អៗ​ដល់​រូបនាង​ខ្ញុំ ។​

 ​*** តាមរយៈ​កម្មវិធី​មួយ​នេះ​ទើប​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ត្រូវបាន​ទស្សនិកជន​ស្គាល់ ក្នុងនាម​ជានា​ង​តូច សុវត្ថិ​ឌី ធា​រិ​កា

ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​អរគុណ​ជា​ពន្លឹក​ដល់​ទស្សនិកជន​ទាំងអស់ ជាពិសេស​លោក លោកយាយ លោក​អ៊ំ ពូ​មីង បងប្អូន និង​មិត្តភក្តិ ដែល​ស្រឡាញ់​គាំទ្រ​នាង​ខ្ញុំ​តាំងពី​វគ្គ​ដំបូង​រហូតដល់​ពេលនេះ និង បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​ថវិកា ដើម្បី​នាង​ខ្ញុំ​។​

ដើម្បី​តបស្នង​នូវ​ក្តី​ស្រឡាញ់ ក្តីមេត្តា និង ការគាំទ្រ​របស់​អ្នក​ទាំងអស់ ខ្ញុំ​មានតែ​ម្រាមដៃ​ដប់ បួងសួង​សុំ​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​តាម​ជួយ​ថែរក្សា និង ជួប​ពរ បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​។ 


ដោយ​ក្តី​គោរព និង​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​

ពី​នាង​តូច​សុវត្ថិ​ឌី ធា​រិ​កា



ដោយ មុន្នី proleng khmer

No comments:

Post a Comment