Monday, November 16, 2015

Facebook លោក សម រង្ស៊ី បន្តបង្ហោះរិះគន់រដ្ឋាភិបាលកម្ពុជាថា «ផ្តាច់ការហើយកំពុងភ័យស្លន់ស្លោ»

(ភ្នំពេញ)៖ នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបន្តបង្ហោះខ្លឹមសាររបស់លោក សម រង្ស៊ី ជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយរិះគន់រដ្ឋាភិបាលកម្ពុជា ថាផ្តាច់ការ ហើយកំពុងភ័យស្លន់ស្លោ នៅពេលដែលបក្សប្រឆាំងឈ្នះឆ្នោតនៅប្រទេសភូមា ។
លោក សម រង្ស៊ី បានលើកឡើងថា ចលនាប្រជាធិបតេយ្យ ដែលជាចរន្តនយោបាយនាំមកនូវសេរីភាព មិនអាចទប់បាននេះ កំពុងរាលដាលនៅទូទាំងពិភពលោក ហើយនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ។
លោក សម រង្ស៊ី បានសរសេរថា «ព្រឹត្តការណ៍ចុងក្រោយបំផុត នៅប្រទេសកម្ពុជា — ក្នុងនោះមានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួនចំពោះរូបខ្ញុំផងដែរ ក្នុងឋានៈខ្ញុំ ជាប្រធានគណបក្សប្រឆាំងតែមួយគត់ ក្នុងរដ្ឋសភា — បង្ហាញឲ្យឃើញថា ជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ របស់ចលនាប្រជាធិបតេយ្យប្រឆាំង អំណាចផ្តាច់ការក្នុងការបោះឆ្នោតថ្មីៗនេះ នៅប្រទេសភូមាបណ្តាល ឲ្យមានភាពតក់ស្លុតនិងស្លន់ស្លោ ដល់អ្នកដឹកនាំផ្តាច់ការទាំងប៉ុន្មានដែលនៅសេសសល់ ក្នុងតំបន់ទ្វីបអាស៊ីយើង។ តែចរន្តនយោបាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់បាន ហើយដែលកំពុងរាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ក៏នឹងឈានមកដល់ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗខាងមុខនេះៗ» ។
លោក សម រង្ស៊ី សមាជិករដ្ឋសភា និងជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចាប់ខ្លួន កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបន្តទៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាឱ្យចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឱ្យតុលាការអនុវត្តសាលក្រម និងសាលដិកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។
កាលនោះ លោក ហោ ណាំហុង បាន​​​​​​ប្តឹង​​​លោក សម រង្ស៊ី ទាក់ទិន​​​នឹង​​​ការនិយាយ​​​​​​នៅឯ​​​មជ្ឈ​​​មណ្ឌល​​​ប្រល័យ​​​ពូជសាសន៍​​​ជើងឯក ​​​ ដែល​​​ចោទ​​​ប្រកាន់​​​រដ្ឋមន្រ្តីក្រសួងការបរទេស​​ថា​​​ ជា​ប្រធាន​ជំរំបឹង​ត្របែក នៅក្នុងសម័យខ្មែររក្រហម៕

 ដោយ មុន្នី proleng khmer

No comments:

Post a Comment