Thursday, November 19, 2015

ជនសង្ស័យ៣នាក់ជិះម៉ូតូដេញបាញ់រថយន្ត CRV មួយគ្រឿង រួចវាយបំបែកកញ្ចក់ពីក្រោយ, សង្ស័យខឹងបើកកៀរម៉ូតូ



(ភ្នំពេញ)៖ ស្នូរផ្ទុះអាវុធចំនួន៣គ្រាប់ បានបន្លឺឡើងទាំងកណ្តាលរាត្រី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្កឡើងដោយក្រុមស្ទាវ៣នាក់ជិះម៉ូតូ ដេញបាញ់រថយន្ត CRV មួយគ្រឿង មិនចាំស្លាកលេខ នៅមុខផ្ទះលេខ២៤៧ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដែលករណីផ្ទុះអាវុធនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា បណ្តាលមកពីរឿងគ្រោះថ្នាក់ចរាចរណ៏។
លោក គុល សុផាត នាយនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា មុនពេលកើតហេតុ គេឃើញមានរថយន្ត CRV មួយគ្រឿង បើតាមផ្លូវលេខ៣៦០ ស្រាប់តែមកដល់មុខផ្ទះលេខ២៤៧ ស្រាប់តែ មានបុរស២នាកជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បើកដេញតាមពីក្រោយរួចបាញ់៣គ្រាប់ឡើងលើ។
លោក គល់ សុផាត បានបន្តទៀតថា ក្រោយបាញ់ហើយម្ចាស់រថយន្តបានបើកទ្វាររត់ ពេលនោះជនបង្កទាំង២នាក់ បានដកកាំភ្លើងវាយកញ្ចក់រថយន្ត ពីក្រោយបណ្តាលឲ្យបែក ហើយក៏ជ្រុះគ្រាប់ជិត១០គ្រាប់ថែមទៀត មុនពេលដែលពួកគេបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយជនបង្កបើកម៉ូតូទៅបាត់ ជនរងគ្រោះក៏បើករថយន្តចេញទៅដែរ ដោយរហូតមកដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មិនទាន់ឃើញជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនោះឡើយ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ បាននិងកំពុងធ្វើការស្រាវជ្រាវ ករណីនេះ ដោយស្វែងរកម្ចាស់រថយន្តជាមុនសិន ដើម្បីសួរនាំសាច់រឿង៕

No comments:

Post a Comment