Friday, November 20, 2015

ម្ចាស់មេដាយមាសប៉េតង់ អ្នកស្រី កែ ឡេង ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ ជា​វរសេ​នីយ៍ត្រី (ស័ក្តិ៤)



(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបំពាក់ឋានន្តរស័ក្តិដល់អ្នកស្រី កែ ឡេង ជាវរសេនីយ៍ត្រី ដែលនេះជាការលើកទឹកចិត្ត ដល់កីឡាករឆ្នើម ដែលបានដណ្តើមមេដាយមាស ពិភពលោកជូនជាតិ។
ការដំឡើងឋានន្តរស័ក្តិអ្នកស្រី កែ ឡេង ជាវរសេនីយ៍ត្រី ដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន ធ្វើឡើងក្នុងពិធីបូកសរុបការងារកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នាពហុកីឡដ្ឋានស្តាតចាស់។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមប្រឹក្សាកីឡាកង យោធពលខេមរភូមិន្ទបានថ្លែងថា ការងារផ្នែកកីឡាកងទ័ព៩ខែដើមឆ្នាំនេះ បានទទួលលទ្ធផលជាទីមោទនៈ ស្តែងតាមរយ:ភាពរីកចំរើននៃវិស័យកីឡា ដែលកីឡាករនៃកងយោធពលខេមរភូមិន្ទ បានប្រតួតប្រជែងលើឆាកអន្តរជាតិ ដោយទទួលបានមេដាយមាសជូនប្រទេសជាតិ។
នាយឧត្តមសេនីយ៍ មានថ្លែងទៀតថា ដោយមានបទបញ្ជាពីសម្តេចតេជោនាយករដ្ឋមន្ត្រី ការលើកទឹកចិត្តដល់កីឡាករឆ្នើមក្នុងកងទ័ពនេះ ត្រូវដំឡើងឋានន្តរស័ក្តិ ជាវរសេនីយ៍ត្រី ហើយការដំឡើងឋានន្តរស័ក្តិនេះ ក៏ជាការជម្រុញ នឹងលើកទឹកចិត្តដល់កីឡាករផ្សេងៗទៀត ក្នុងកងទ័ពដើម្បីឲ្យខិតខំប្រកួតប្រជែង លើឆាកអន្តរជាត់ក្នុងការដណ្តើមមេដាយ មាសជូនប្រទេសជាតិ។
គួរំលឹកថា អ្នកស្រី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាសជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប៉េតង់ពិភពលោកលើកទី១៥ ផ្នែកស្ត្រី នៅដើមខែវិច្ឆិកា ឆ្នាំ២០១៥នេះ នាទីក្រុងបាងកក ប្រទេសថៃ។  ក្រោយពីដណ្តើមមេដាយមាស ពិភពលោកជូនជាតិ អ្នកស្រី កែ ឡេង បានទទួលប្រាក់រង្វាន់លើកទឹកចិត្តប្រមាណ៤ម៉ឺនដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានោះ អ្នកស្រី ក៏ទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀតនោះ គឺការតម្លើងឋានន្តរស័ក្តិជាវរសេនីយ៍ត្រីនេះឯង៕

No comments:

Post a Comment