Friday, November 20, 2015

មេឈ្មួញរកស៊ីឈើ ជនជាតិវៀតណាម ឈ្មោះ ញី កំពុងមមាញឹកប្រមូលទិញឈើ និងដឹកជញ្ជូនទៅវៀតណាម



(រតនគិរី)៖ មេឈ្មួញរកស៊ីឈើជនជាតិវៀតណាម ដ៏ល្បីល្បាញម្នាក់ ឈ្មោះ ញី កំពុងមមាញឹកប្រមូលទិញឈើ និងដឹកជញ្ជូនទៅវៀតណាម សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ នៅខេត្តរតនគិរីមិនហ៊ានបង្ក្រាប។
ជាក់ស្តែងកាលពី វេលាម៉ោង១១៖២០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញ រថយន្តសាំយ៉ុងដឹកឈើប្រណីត ដែលគេដឹងថារបស់ឈ្មោះ ញី អមដំណើរដោយ រថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខវៀតណាម លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ មានចម្ងាយប្រមាណ១៥០០ម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកប្រទ្រុយពីក្រោយ មិនខ្លាចច្បាប់ស្រុកខ្មែរនោះទេ។
បើតាមសមត្ថកិច្ចតូចតាចម្នាក់ ប្រចាំការផ្លូវជាតិលេខ៧៨ ប្រាប់ឲ្យដឹងថា មេឈ្មួញវៀតណាមឈ្មោះ ញី នេះមានឥទ្ធិពលណាស់ ព្រោះក្រុមរបស់គាត់ ស្ពាយលុយដុល្លារមកទិញឈើដល់ក្រុងបានលុង។ ជាងនេះទៅទៀត មេឈ្មួញរូបនោះ បានផ្តល់លុយឲ្យដៃជើង និងបក្ខពួកជនជាតិខ្មែរ ដើរប្រមូលទិញ តាមបណ្តាស្រុកមួយចំនួនដូចជា វ៉ើនសៃ តាវែង អូរជុំ និងស្រុកលំផាត់ជាដើម ដើម្បីនាំចេញទៅវៀតណាម។
សមត្ថកិច្ចខាងលើបញ្ជាក់ឲ្យដឹងទៀតថា ការដែលក្រុមថៅកែ ញី ធ្វើព្យុះភ្លៀងស្រេចតែចិត្ត ដោយរលូនបែបនេះ គឺដោយសារអំណាចទឹកលុយ ទាក់ទាញទឹកចិត្តសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនតូច ស៊ីប្រាក់ខែរដ្ឋភ្លេចអនុវត្តភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។

ទាក់ទិនទៅនឹងសកម្មភាព មេឈ្មួញខាងលើយករថយន្តស៊េរីទំនើប ពាក់ស្លាកលេខវៀតណាម មកឆ្គករថយន្តសាំយ៉ុង ដឹកឈើឆ្ពោះទៅវៀតណាម ដោយគ្មានការបង្ក្រាបនេះដែរ Fresh News មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធណាមួយ ដែលប្រចាំការផ្លូវជាតិលេខ៧៨បានទេ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
គួរំលឹកផងដែរថា រថយន្តស៊េរីទំនើប ពាក់ស្លាកលេខវៀតណាមមួយគ្រឿង របស់ថៅកែឈើឈ្មោះ ញី នេះ លួចបន្លំដឹកឈើប្រណីត ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ស្ទាក់ចាប់បាននៅទីរួមស្រុកអូរយ៉ាដាវ កន្លងទៅថ្មីៗនេះ នាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ប៉ុន្តែមេឈ្មួញរូបនេះ នៅគឃ្លើនមិនខ្លាចសមត្ថកិច្ចនោះទេ៕

No comments:

Post a Comment