Monday, November 16, 2015

​អតីត​សិស្ស​សាលា​អូរដា​បង្កើត​កម្មវិធី​ជួប​ជុំ​សម្តែង​ការ​ដឹង​គុណ​ដល់​គ្រូ

ក្រុម​អតីត​សិស្ស​សាលា​អូរដា​នឹង​បង្កើត​កម្មវិធី​ជួបជុំ​មួយ​រវាង​អតីត​សិស្ស និង​លោក​គ្រូ​អ្នក​គ្រូ នៅ​វិទ្យាល័យ​ន.រណឬទ្ធិ​គន្ធ​បុប្ផា (ហៅ​សាលា​អូរដា)  ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ នេះ​គឺ​ជា​កម្មវិធី​ជួប​ជុំ​លើក​ដំបូង ដែល​ក្រុម​អតីត​សិស្ស​សាលា​អូរដា​បាន​បង្កើត​ឡើង។

កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជា​ការ​ជួប​ជុំ​អតីត​សិស្ស និង​គ្រូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​សម្តែង​ការ​ដឹង​គុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ ដែល​បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​កន្លង​មក ហើយ​ជា​ពិសេស​គឺ​ដើម្បី​បំផុស ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ប្អូន​ទាំង​អស់​ដែល​កំពុង​ជួប​ការ​លំបាក ឱ្យ​តំាង​ចិត្ត​ខិត​ខំ​រៀន​សូត្រ​ដើម្បី​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ។ មួយ​វិញ​ទៀត កម្មវិធី​នេះ​ក៏​មាន​គោល​បំណង​អំពាវ​នាវ​សែ្វង​រក​ជំនួយ និង​ការ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​នានា ដើម្បី​ជួយ​កសាង និង​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​សាលា និង​ជួយ​ដល់​លោក​គ្រូ អ្នក​គ្រូ និង​សិស្សា​នុ​សិស្ស​រាប់​ពាន់​នាក់​ដែល​កំពុង​ខ្វះ​ខាត។


មក​ទល់​ពេល​នេះ​ក្រុម​អតីត​សិស្ស​សាលា​អូរដា បាន​ទទួល​ជំនួយ និង​ការ​ឧបត្ថម្ភ​ពី​លោក Ashok Kumar សប្បុររស​ជន​ជាតិ​សិង្ហបុរី នូវ​ថវិកា​សម្រាប់​ជួស​ជុល​បណ្ណាល័យ​ទំាង​មូល  ទទួល​បាន​សៀវភៅ​អាន​គ្រប់​ប្រភេទ​ចំនួន​១៥៥​ក្បាលពី​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយMindbooksដែល​ធ្វើ​ឡើង​តាម​រយៈលោក​ គីម ចាន់​ណា  ជំនួយ​ជាភេសជ្ជៈគ្រប់​ប្រភេទ​ពី​ក្រុម​ហ៊ុន កូកាកូឡា (Coca​ Cola) និង​កូន​ឈើ​ប្រណិត​ចំនួន​១០០​ដើម សម្រាប់​រៀបចំធ្វើ​ឧទ្យាន​ឈើ​ប្រណិត​ខ្មែរ​នៅ​ទីធ្លា​សាលា​ពី​ព្រះតេជគុណ​ ពៅ សុថា និង ងឹម សៅ​សំខាន់ គង់​នៅ​វត្ត​បុទុម​វត្តី​ រាជធានី​ភ្នំពេញ។

12190800_1923273037897328_4172466117453169533_n

12112046_10207935039397038_1889664727209698702_n

​ក្នុង​កម្មវិធី​ជួបជុំ​នេះ ក៏​មាន​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សមិទ្ធផល ដូច​ជា បន្ទប់​កុំព្យូទ័រ បណ្ណាល័យ ឧទ្យាន​ឈើ​ប្រណិត​ខ្មែរ និង​ការ​តុប​តែង​លម្អ​បរិស្ថាន​នៅ​ក្នុង​ទីធ្លា​សាលា​ផង​ដែរ។ សប្បុរស​ជន​នៅ​តែ​អាច​ចូល​រួម​គាំទ្រ​តាម​រយៈ​ការ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ​សិក្សា ក៏​ដូច​ជា​ឧបករណ៍​ការិយាល័យ​ផ្សេងៗ មិន​ថា​ចាស់ ឬ​ថ្មី​នោះ​ទេ។
ហេតុ​ដូច្នេះ តាង​នាម​ឲ្យ​ក្រុម​អតីត​សិស្ស​សាលា​អូរដា សិស្សា​នុ​សិស្ស និង​ជា​ពិសេស​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​ឡាយ ជា​ពិសេស​គឺ​អតីត​សិស្ស និង​មិត្តភក្តិ​នៅ​វិទ្យាល័យ​អូរដា​ទាំង​អស់ សូម​មេត្តា​ជួយ​ឧបត្ថម្ភ ឬ​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​នេះនៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៥  ដើម្បី​ជួយ​អភិវឌ្ឍ​សាលារៀន​យើង ហើយ​លើស​ពីនេះ​ទៀត ​គឺ​ដើម្បី​សំណេះ​សំណាល និង​រំលឹក​អនុស្សាវរីយ​ចាស់ៗ ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព​ឡើង​វិញ។

No comments:

Post a Comment