Friday, November 13, 2015

អេ ភូថង និយាយអួរដើមក ក្រោយទទួល បានអំណោយម៉ូតូស៊េរីថ្មី ១គ្រឿង ពីសប្បុរសជន

ភ្នំពេញ៖ អតីតកីឡាករជើងខ្លាំង ប្រចាំប្រទេសកម្ពុជា អេ ភូថង បានសម្ដែងការសប្បាយចិត្ត និងរំភើបរីករាយជាខ្លាំង រហូតនិយាយអរដើមក បន្ទាប់ពីមានសប្បុរសជន ម្នាក់ឈ្មោះ ប៉ែន កាក់ បានឧបត្ថម្ភម៉ូតូស៊េរីថ្មី ១គ្រឿង ដល់គ្រួសាររបស់ខ្លួន ដើម្បីធ្វើជាមធ្យោបាយ ធ្វើដំណើរ ទៅបំពេញការងារផ្សេងៗ ។
នៅព្រឹកថ្ងៃទី២១ កក្កដានេះ លោក អេ ភូថង បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កាលពីថ្ងៃមុនលោកឧកញ៉ា ប៉ែន កាក់ បានទាក់ទងលោក ដោយបានប្រាប់អំពីការឧបត្ថម្ភម៉ូតូ ១គ្រឿងដល់គ្រួសាររបស់ខ្លួន ប៉ុន្ដែដោយសារជាប់រវល់ បំពេញការងារ អតីតអ្នកលេងកែងឆេះ-ជង្គង់ហោះដ៏ស្ទាត់ជំនាញរូបនេះ មិនបានទៅជួបលោក ប៉ែន កាក់ ភ្លាមៗឡើយ រហូតដល់ថ្ងៃទី២០ ខែកក្កដាម្សិលមិញ ទើបលោក អេ ភូថង ធ្វើដំណើរទៅផ្ទះលោក ប៉ែន កាក់ ហើយយម្ចាស់ជំនួយរូបនេះ ក៏បានប្រគល់ម៉ូតូស៊េរីថ្មី ១គ្រឿងម៉ាក PCX ដល់កីឡាករ អេ ភូថង ទៅតាមការសន្យាតែម្ដង ។


លោក អេ ភូថង បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សប្បាយ រីករាយខ្លាំងណាស់ នៅពេលលោកឧកញ៉ា ប៉ែន កាក់ ទាក់ទងខ្ញុំ ហើយនិយាយថា គាត់នឹងឧបត្ថម្ភម៉ូតូ ១គ្រឿងឲ្យគ្រួសារខ្ញុំ ។ នៅពេលខ្ញុំទៅទទួលម៉ូតូពីគាត់ ខ្ញុំស្ទើតែនិយាយមិនចេញ និងរំភើបចិត្តស្ទើស្រក់ទឹកភ្នែក ព្រោះនេះ គឺជាអំណោយធំលើកដំបូង ដែលខ្ញុំបានទទួលពីសប្បុរសជន ជាពិសេសគឺលោកឧកញ៉ា ប៉ែន កាក់» ។
អតីតកីឡាករធ្លាប់ផ្ដួល អ្នកលេងបរទេស មិនញញើតដៃរូបនេះ បានបន្ដថា «ខ្ញុំគ្មានអ្វីតបស្នងសងគុនលោកឧកញ៉ា ប៉ែន កាក់ ឡើយក្រៅពីម្រាមដៃដប់ លើកថ្លៃងអំណរគុណ ចំពោះលោកឧកញ៉ា និងជូនពរឲ្យលោកឲ្យជួបតែសេចក្ដីសុខ ដែលលោកបាន ជួយដោះស្រាយបញ្ហាជីវភាព ក្នុងគ្រួសាររបស់ខ្ញុំ» ។ អេ ភូថង បន្ថែមថា នៅថ្ងៃទី២៧ កក្កដាខាងមុខ ខ្លួននឹងទៅជួបជាមួយ ព្រះតេជគុន សាន សុជា ព្រោះកាលពីថ្ងៃមុន ព្រះអង្គរ ក៏បានទាក់ទងមកលោក ដើម្បីឧបត្ថម្ភអំណោយខ្លះ ដើម្បីជួយសម្រាលជីវភាព គ្រួសាររបស់លោកផងដែរ ។
ជាមួយគ្នានេះលោក ប៉ែន កាក់ ក៏បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនដែរថា «នេះជាអំពើល្អ ដែលខ្ញុំបាទតែងតែធ្វើជាប្រចាំ ហើយម៉ូតូនេះ គឺជាលើកទី១៦ហើយ ដែលខ្ញុំបាទ បានបរិច្ចាគសំរាប់អ្នកតស៊ូ បំរើជាតិហើយ មានការខ្វះខាត ជាពិសេសដូចជាលោក អេ ភូថង ។
ថ្ងៃនេះគាត់លែងពិបាក ទៅបង្ហាត់សិស្ស នឹងទៅបំពេញភារកិច្ច ជាអាជ្ញាកណ្ដាល តាមប៉ុស្តិ៍ទូរទស្សន៍នានា ដើម្បីបានកំរ៉ៃចិញ្ចឹមគ្រួសារ នឹងបន្តអាជីពជាគ្រូបង្វឹកតទៅទៀត ។ ថ្វីត្បិតវាមិនច្រើន ឲ្យតែជួយអ្នកខ្វះខាតបាន ខ្ញុំមិនកន្តើយ នឹងជួយអ្នកខ្វះខាត នឹងជាតិឡើយ ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment