Monday, November 16, 2015

បណ្តាញអតីតនិស្សិតកម្ពុជា មកពីប្រទេសបារាំង ត្រូវបានប្រកាសបង្កើតជាផ្លូវការ

(ភ្នំពេញ)៖ បណ្តាញអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទៅសិក្សា នៅប្រទេសបារាំង ឬ France Alumni Cambodge ត្រូវបានរៀបចំប្រកាសជាផ្លូវការ នៅយប់ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោមអធិបតីភាពរបស់លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកផ្នែកឧត្តមសិក្សា។
នៅក្នុងកម្មវិធីពិសេសនេះ ក៏មានវត្តមានរបស់សមាជិករាជរដ្ឋាភិបាល សមាជិកសភា ចៅក្រម និងអតីតនិស្សិតធ្លាប់សិក្សា នៅប្រទេសបារាំងជិត៣០០នាក់ មកពីជំនាន់ផ្សេងៗគ្នា ហើយបច្ចុប្បន្នកំពុងបំពេញការងាររៀងៗខ្លួន ទាំងនៅក្នុងស្ថាប័នរដ្ឋ និងតាមបណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាក្នុងវិស័យព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ឬផ្នែកសិល្បៈជាដើម។ តំណាងក្រុមហ៊ុនបារាំង និងគ្រិះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានចូលរួមនៅក្នុង ព្រឹត្តិការណ៍នេះផងដែរ។
ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាប្រមាណជិត៦៥០នាក់ ចាកចេញទៅបន្តការសិក្សា នៅប្រទេសបារាំង លើមុខជំនាញសំខាន់ៗ សម្រាប់អភិវឌ្ឍប្រទេសជាតិ ដូចជា សេដ្ឋកិច្ច ច្បាប់ សុខាភិបាល វិទ្យាសាស្រ្តវិស្វករ ឬទេសចរណ៍ជាដើម។ និស្សិតមួយចំនួនទទួល បានអាហារូបករណ៍ ផ្តល់ដោយរដ្ឋាភិបាលបារាំង ឬស្ថាប័នដៃគូ (ប្រហែល១០០នាក់ក្នុងមួយឆ្នាំ) ហើយមួយចំនួនទៀត ទៅសិក្សាជាលក្ខណ:ឯកជន។ បើគិតតាំងពីអំឡុងឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន ប្រទេសបារាំង បានផ្តល់អាហាររូបករណ៍ ដល់និស្សិតកម្ពុជា ប្រហែលជិត៣០០០នាក់។
លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ផងដែរ លើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យបារាំង និងកម្ពុជានៅក្នុងការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សា ដោយបានចុះកិច្ចព្រមព្រៀង ជាមួយគ្នាសរុបចំនួន៧០។ តាមរយ:កិច្ចសហការទាំងនេះ គ្រូពេទ្យកម្ពុជាជិត៦០០នាក់ ទទួលបានការបណ្តុះបណ្តាល នៅមន្ទីរពេទ្យប្រទេសបារាំង ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ២០១៥ និស្សិតកម្ពុជា ៧០០០នាក់ បានចុះឈ្មោះសិក្សា ជាភាសាបារាំង នៅតាមសាកលវិទ្យាល័យ ប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃភាពជាដៃគូរវាងបារាំងនិងកម្ពុជា ដែលបានចាត់ទុកការបណ្តុះបណ្តាល ធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពពីរ សម្រាប់ឆ្នាំ២០១៥-២០១៨។




ដោយ មុន្នី proleng khmer

No comments:

Post a Comment