Monday, November 16, 2015

ប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ របស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ ផ្ទុះហឹង្សារបួសសន្តិសុខខណ្ឌ៣នាក់

(ភ្នំពេញ)៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ចំណុចគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ដែលជាផ្លូវមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ តាំងពីថ្ងៃទី១៦ រហូតមកថ្ងៃទី១៧ ខែវិច្ឆិកានេះ ដោយរឹបអូសបានរថយន្តតាក់ស៊ី ប្រភេទសាំយ៉ុង ប្រមាណ៩គ្រឿង យកមករក្សាទុកនៅនៅសាលាខណ្ឌ។ ប៉ុន្តែក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឲ្យមានហឹង្សា ប៉ះទង្គិចគ្នា រវាងក្រុមអ្នកបើកររថយន្តតាក់ស៊ី និងសន្តិសុខខណ្ឌ បណ្ដាលរងរបួសធ្ងន់ស្រាល សន្តិសុខខណ្ឌ៣នាក់ ខណៈអ្នកបើកតាក់ស៊ី បានរត់គេចខ្លួនបាត់។
តាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារ Fresh News ឲ្យដឹងបន្ថែមនៅព្រឹកនេះថា ជនបង្ករបួសស្នាមមានឈ្មោះ ច្រូយ ជាអ្នកបើកតាក់ស៊ី បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតែស្រាវ់ជ្រាវរកចាប់ខ្លួន ។ យោងតាមសមត្ថកិច្ច បញ្ជាក់ថា ក្រុមអ្នកបើករថយន្តតាក់ស៊ីទាំងនេះ ត្រូវបានខាងសណ្ដាប់ធ្នាប់ខណ្ឌ ចុះធ្វើការណែនាំអប់រំ ជាច្រើនដងមកហើយ តែមិនបានស្ដាប់តាមការណែនាំ របស់មន្រ្តីសណ្ដាប់ធ្នាប់នោះទេ ដោយនៅតែបន្ដដេញចាប់ ម៉ូយរញ៉េរញ៉ៃពេញផ្លូវ គ្មានសណ្ដាប់ធ្នាប់ ប៉ះពាល់ដល់អ្នកដំណើរ ទើបសមត្ថកិច្ចប្រើវិធានការក្ដៅ បើកប្រតិបត្តិការចាប់តែម្ដង។
យ៉ាងណាក្ដីក្រោយចុះរៀបចំសណ្ដាប់ធ្នាប់ រហូតមានការប៉ះទង្គិចគ្នានេះ សមត្ថកិច្ចបានរឹបអូសរថយន្តប្រភេទតួរីស និងសាំយ៉ុងចំនួន៩គ្រឿង យកមករក្សាទុក នៅក្នុងសាលាខណ្ឌ ដើម្បីរងចាំម្ចាស់តាក់ស៊ី ចូលខ្លួនមកដោះស្រាយ និងផាកពិន័យតាមច្បាប់៕








ដោយ មុន្នី proleng khmer

No comments:

Post a Comment