Tuesday, November 3, 2015

ឡិច​ស៊ីស​​បើក​​ដូច​ហោះ​​បុក​ដើម​​គរ​ នារី​វ័យ​ក្មេង​ពីរ​នាក់​ស្លាប់​និង​ពីរ​នាក់​ទៀត​របួស​ធ្ងន់

ខេត្ត​ពោធិ៍សាត់៖​  រថយន្ត​ឡិច​ស៊ីស RX300 ​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​​ រួច​ជ្រុល​រេ​ចង្កូត​បុក​ដើម​ឈើ​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​មនុស្ស​​ស្រីវ័យ​ក្មេង​​ពីរ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិតនៅ​នឹង​កន្លែង​ និង​ពីរ​នាក់ទៀត​​រង​របួស​ធ្ងន់ធ្ងរ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាង​លើ​នេះ បាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២៣ ​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ២០៥ និង​២០៦ ក្នុង​ភូមិ​ថ្មី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​​​ បាន​ឲ្យ​ដឹង​ថា ​ ​គ្រឿង​ថ្នាក់​ចរាចរណ៍​​នេះ បង្ក​​ឡើង​ដោយ​រថយន្ត​១​គ្រឿង​​​ម៉ាក​ឡិច​ស៊ីស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-4612 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ​មាន​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ ​ក៏​បាន​រេ​ចង្កូត​​​ពី​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​គរ​​ពេញទំហឹង​ បណ្ដាល​ឲ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​​ស្លាប់​ពី​រ​នាក់​​ និង​​របួស​ធ្ងន់​ពីរ​នាក់​ផង​ដែរ​។
​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​ដែល​ស្លាប់​ ទី​១ មាន​ឈ្មោះ លឹម សៅធូ ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អន្ស​រក្ដាម ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទី​២ ឈ្មោះ ស្រី ល័ក្ខ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​លលកស​ថ្មី សង្កាត់​លលកស ​រីឯ អ្នក​រង​របួស​ធ្ងន់​ទី​១ ​មាន​ឈ្មោះ អ៊ូច សុខុម ភេទប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​កំបោរ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ទី​២ ឈ្មោះ បង នីតា ភេទ​ស្រី អាយុ ២៦ឆ្នាំ រស់នៅ​ភូមិ​សាន​សុខ ឃុំ​កំរៀង ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។
​ក្រោយ​កើត​ហេតុ រថយន្ត​​បង្ក​រង​ការ​ខូចខាត​យ៉ាង​ដំណំ ​រីឯ​អ្នក​បើកបរ​រត់​គេច​ខ្លួន​បាត់​ ​ហើយ​សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​បង្ក​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី ​ចំណែក​ឯ​សព​ជន​រងគ្រោះ ត្រូវ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕




ដោយ មុន្នី ptroleng khmer

No comments:

Post a Comment