Tuesday, November 3, 2015

កុំ​ផ្ដល់​ក្ដី​ស្រឡាញ់​ក្លែង​ក្លាយ ទៅ​ឲ្យ​មនុស្ស​ដែល​មាន​បេះ​ដូង​ស្មោះ​ត្រង់

បេះ​ដូង​ស្មោះ​ត្រង់ សំដៅ​លើ​ការ​ស្រឡាញ់​មួយ​ដែល​ប្រកប​ដោយ​ភាព​មិន​ងាក​រេ មិន​បែក​បែរ មិន​ក្បត់​ចិត្ត និង​ការ​តស៊ូ​ប្រកប​ដោយ​ក្ដី​សង្ឃឹម…។ សម្រាប់​បុគ្គល​ដែល​មាន​ស្នេហា​ទាំង​អស់ សុទ្ធ​តែ​សន្យា​ថា «គេ​នឹង​ធ្វើ​ខ្លួន​ឲ្យ​ត្រឹម​ត្រូវ ឲ្យ​ស្មោះ​ត្រង់ និង​ប្រាថ្នា​សាង​អនាគត​មួយ ដែល​ដៃ​គូ​របស់​គេ​ចង់​បាន»។ តើ​អ្វី​ទាំង​អស់​នេះ មនុស្ស​អាច​ធ្វើ​បាន​ដែរ​ទេ?
ការ​ធ្វើ​បាន ឬ​មិន​បាន មិន​មែន​ជា​រឿង​សំខាន់​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​យើង​មិន​ចាត់​ទុក​វា​ជា​ការ​លេង​សើច។ បុរស ឬ​នារី​មួយ​ចំនួន បាន​យក​សេចក្ដី​ស្រឡាញ់​ដ៏​ស្រស់​ស្អាត របស់​នរណា​ម្នាក់ មក​លេង​សើច ហើយ​ទី​បំផុត​ក៏​បាន​រត់​ចេញ​គេច​ចេញ បន្សល់​ទុក​នូវ​ភាព​សោក​ស្ដាយ​ដ៏​មហិមា​មួយ។ សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​បុគ្គល​ល្អ​បរិសុទ្ធ គឺ​ជា​សេចក្ដី​ស្រឡាញ់​មួយ​ដែល​ពិ​បាក​នឹង​រក​អ្វី​មក​ប្រៀប​ប្រដូច​បាន​ណាស់ ដែល​វា​មាន​ទាំង​ការ​លះ​បង់ ការ​ការពារ ការ​មើល​ថែ​ទាំ ការ​រក្សា​ចិត្ត និង​ផ្សេងៗ​ជា​ច្រើន​ទៀត។
ប្រសិន​បើ​អ្នក​មាន​បំណង​ត្រឹម​តែ​លេង​សើច ឬ​យក​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់ ទៅ​បញ្ឈឺ ឬ​ជា​ការ​លេង​សើច​របស់​អ្នក​ទេ សូម​កុំ​ព្យាយាម​ធ្វើ​វា​អី។ ទំនុក​ចិត្ត របស់​គេ​មក​លើ​រូប​អ្នក​គឺ​មាន​មិន​តិច​ទេ ហើយ​ក៏​ជ្រាល​ជ្រៅ​ពុំ​អាច​កាត់​ថ្លៃ​បាន។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​មិន​ស្រឡាញ់​នរណា​ម្នាក់​ដោយ​ចិត្ត និង​ចិត្ត​ទេ ចូរ​កុំ​បង្កើត​ជា​ការ​ស្រឡាញ់​បែប​នេះ​អី ដោយ​ហេតុ​ថា វា​មិន​មែន​ជា​ការ​ល្អ​ឡើយ ហើយ​ក៏​នាំ​វិប្បដិសារី និង​ទឹក​ភ្នែក​រាប់​រយ​ដំណក់ ទៅ​ឲ្យ​មនុស្ស​ដែល​ស្មោះ​ត្រង់៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment