Tuesday, October 27, 2015

គុជ​ខ្មៅ​ល្បី​ឆ្ងាញ់​អាច​នឹង​ផលិត​ចេញ​ពី​កង់​ឡាន និង​កៅស៊ូ​ស្បែកជើង

ការ​រាយការណ៍​ថ្មី​មួយ​របស់​ទូរទស្សន៍ Shandong ប្រទេស​ចិន​បាន​បង្ហើប​អាថ៌កំបាំង​មួយ ទាក់ទង​នឹង​គ្រឿង​ផ្សំ​ភេសជ្ជៈ​ដ៏​ល្បី​របស់​ចិន នោះ​គឺ​គុជ​សម្រាប់​ដាក់​ភេសជ្ជៈ​ប្រហែល​ជា​អាច​ដែល​ធ្វើ​ពី​កៅស៊ូ​ស្បែក​ជើង និង​កៅស៊ូ​កង់ឡាន ។
នៅ​ក្នុង​កម្មវិធី​ជីវិត​មួយ​ឈ្មោះ Life Help អ្នក​រាយការណ៍​ម្នាក់​នៅ​ទីក្រុង Qingdao បាន​ទិញ​ភេសជ្ជៈ​តែ​គុជ​មួយ​កែវ​ពី​ហាង​ក្នុង​តំបន់ ហើយ​ក្រោយ​ពី​ពិសា​វា​អស់ គេ​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ថត CT ដោយ​នៅ​ទី​នោះ​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ថា ពោះ​គេ​ពោរពេញ​ដោយ​គុជ​ដែល​មិន​ស្គាល់​ប្រភព​ទាំង​នោះ ។
អ្នក​វិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ពិសោធន៍​គីមី​របស់​សាកលវិទ្យាល័យ​ទីក្រុង Qingdao ក៏​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​ដែរ​ថា តើ​គុជ​ទាំង​នោះ​ផលិត​ឡើង​ពី​អ្វី​ដែរ ។
ការ​សម្ភាសន៍​ដោយ​សម្ងាត់​ជាមួយ​នឹង​ម្ចាស់​ហាង​តែ​គុជ​ជា​ច្រើន​នៅ​ជុំវិញ​ទីក្រុង​បាន​បង្ហាញ​ថា ម្ចាស់​ហាង​ទាំង​នោះ​ភាគ​ច្រើន​មិន​ដឹង​ថា គុជ​ដែល​គេ​លក់​នោះ​ផលិត​ឡើង​ពី​អ្វី​ទេ គ្រាន់​តែ​គេ​ដឹង​ថា វា​ផលិត​ពី​ជាតិ​គីមី​សុទ្ធសាធ ហើយ​ដើម្បី​ឲ្យ​វា​ស្វិត គេ​ប្រហែល​ជា​ផលិត​វា​ចេញ​កៅស៊ូ​ស្បែក​ជើង និង​កង់ឡាន​ចាស់ៗ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​១០០​% ទេ​ថា តើ​វា​ពិត​ជា​ផលិត​ចេញ​ពី​កង់​ឡាន ឬ​កៅស៊ូ​ស្បែក​ជើង​មែន​អត់ ។
គុជ​ខ្មៅ​ដែល​គេ​ប្រើ​សម្រាប់​ដាក់​ភេសជ្ជៈ​នេះ​បាន ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​កាល​ពី​វា​ចេញ​ជា​លក់​ជា​លើក​ដំបូង តែ​បាន​ធ្លាក់​ប្រជាប្រិយភាព​ទៅ​វិញ​នៅ​ឆ្នាំ​២០១២ ក្រោយ​ពី​របាយការណ៍​របស់​ប្រទេស​អាល្លឺម៉ង់​មួយ​បញ្ជាក់​ថា ការ​បរិភោគ​វា​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដៅ វា​នៅ​តែ​ពេញ​និយម​ចំពោះ​ប្រជាជន​ចិន ។
គួរ​រម្លឹក​ថា គុជ​ខ្មៅ​ប្រភេទ​នេះ​ក៏​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ដែរ​ពី​សំណាក់​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន តែ​មក​ទល់​ពេល​នេះ ទោះ​ជា​វា​មិន​ពេញ​និយម​ខ្លាំង​ដូចមុន ប៉ុន្តែ​ទីផ្សារ​នៃ​ការ​ប្រើប្រាស់​គុជ​នេះ​ដាក់​ភេសជ្ជៈ​នៅ​តែ​មាន​ដដែល ។
ដោយ មុន្នី proleng khmer

No comments:

Post a Comment