កីឡាករជម្រើសជាតិបារាំងចំនួន២៣នាក់ បានធ្វើដំណើរទៅទីក្រុងឡុងដុងទាំងអស់ ដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងអង់គ្លេស នៅយប់ថ្ងៃអង្គារនាកីឡដ្ឋាន Wembley និងបង្ហាញថាមិនខ្លាចញញើតនឹងពួកភេរវករឡើយ ទោះទើបតែមានការវាយប្រហារនៅទីក្រុងប៉ារីស កាលពីយប់ថ្ងៃសុក្រក៏ដោយ។
ប្អូនស្រីជីដូនមួយរបស់ខ្សែបម្រើ Lassana Diarra អតីតកីឡាករក្រុម Chelsea, Arsenal និង Real Madrid បានស្លាប់ ក្នុងចំណោមជនបាត់បង់ជីវិតជាង១២៩នាក់កាលពីយប់ថ្ងៃកើតហេតុ ខណៈដែលប្អូនស្រីរបស់ Antoine Griezmann របស់ក្លិប At Madrid បានគេចខ្លួនផុតពីសាលប្រគំតន្ត្រី Bataclan ដែលមានអ្នកស្លាប់ច្រើនជាងគេ៨៩នាក់។
កីឡាករទាំង២រូបនេះ ក៏បានចូលលេងឲ្យបារាំង កាលយកឈ្នះលើអាល្លឺម៉ង់ ២-០ នៅកីឡដ្ឋានជាតិ Stade de France ក្នុងការប្រកួតមិត្តភាពនាយប់កើតហេតុផងដែរ។
ចំណែកគ្រូបង្វឹកក្រុមមាន់គកបារាំងលោក Didier Deschamps ក៏ពុំបានបង្ខំកីឡាករណាម្នាក់ដែរ ដោយលោកផ្ដល់ឱកាសឲ្យកីឡាករចេញពីក្រុម បើពួកគេភ័យខ្លាច ប៉ុន្តែសហព័ន្ធបាល់ទាត់បារាំង FFF បានបញ្ជាក់ថា កីឡាករបានមកចូលរួមទាំងអស់ គ្មានអវត្តមាននរណាម្នាក់ទេ។
ក្រុមជម្រើសជាតិបារាំង នឹងធ្វើសន្និសីទកាសែតនាកីឡដ្ឋាន Wembley នៅល្ងាចថ្ងៃចន្ទនេះ មុនពេលហ្វឹកហាត់នៅទីនោះ ខណៈដែលពេលប្រកួតយប់ថ្ងៃអង្គារ (ម៉ោង០៣:០០នាទីព្រឹកថ្ងៃពុធនៅកម្ពុជា) សហព័ន្ធបាល់ទាត់អង់គ្លេស FA បានប្រកាសថា នឹងបង្កើនកម្លាំងការពារឲ្យច្រើន និងឲ្យអ្នកគាំទ្រទៅបានមុនម៉ោង ដើម្បីងាយស្រួលពិនិត្យឲ្យបានម៉ត់ចត់បំផុត៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment