ជារៀងរាល់ ៣ឆ្នាំម្ដង ប្រជាជនឥណ្ឌូណេស៊ីលើកោះមួយបានធ្វើពិធីគោរពដល់សាកសពសាច់ញាតិ ដោយជីកគាស់កកាយពួកគេឡើង និងលាងសម្អាតសាកសព រួចស្លៀកពាក់ខោអាវដែលពួកគេចូលចិត្តម្ដងទៀត។ ពិធីបុណ្យចម្លែកមួយនេះ ត្រូវគេប្រារព្ធធ្វើតាំងពីរាប់រយឆ្នាំកន្លងមកហើយ។
ទិដ្ឋភាពនេះមើលទៅហាក់ដូចជាភាពយន្តខ្មោច Zombie អញ្ចឹង ប៉ុន្តែជនជាតិភាគតិច Torajan រស់នៅតំបន់ភ្នំ Tana Toraja នៃកោះ Sulawesi ហៅពិធីបុណ្យ Ma’nene នេះជាពិធីបុណ្យខ្មោចរស់ឡើងវិញ។
ពិធីបុណ្យ Ma’nene បានចាប់ផ្ដើមប្រារព្ធដំបូងក្នុងភូមិ Baruppu ជាងមួយសតវត្សកន្លងទៅ។ បងប្អូនជនជាតិ Torajan បានប្រាប់រឿងមួយទាក់ទងនឹងពិធីបុណ្យនេះថា មានអ្នកប្រមាញ់សត្វម្នាក់ឈ្មោះ Pong Rumasek បានបរបាញ់សត្វនៅតាមជួរភ្នំ ពេលនោះគាត់បានប្រទះឃើញសាកសពដែលគេបោះបង់ចោលមួយ បានពុកផុយក្រោមដើមឈើមួយដើម។ អ្នកប្រមាញ់នោះបានយកសាកសព ឲ្យស្លៀកពាក់ខោអាវរបស់គាត់ និងបានរកកន្លែងបញ្ចុះយ៉ាងសមរម្យ ហើយគាត់ជឿថា គាត់តែងមានសំណាងល្អ និងរាសីខ្ពស់ជានិច្ច។ ការអនុវត្តបែបនេះត្រូវបានថែរក្សាដោយជនជាតិ Toraja តាំងពីពេលនោះមក។
ពិធីបុណ្យ Ma’nene មានន័យថាជាពិធីបុណ្យលាងសម្អាតសាកសព ហើយក្រោយសម្អាត និងស្លៀកពាក់ខោអាវថ្មីៗ សាច់ញាតិបានដង្ហែសាកសពដាក់ក្នុងមឈូសជុំវិញភូមិ តាមផ្លូវត្រង់។
ប្រជាជនភាគតិច Torajan មួយភាគធំប្រមាណ ៦៥ម៉ឺននាក់ កាន់សាសនាគ្រិស្ដ និងឥស្លាម ប៉ុន្តែមួយចំនួនទៀត នៅប្រតិបត្តិបុព្វបុរសតាមបែប Aluk Todolo ។
ពិធីបុណ្យខាងលើ ត្រូវបានប្រជាជនទីនោះចាត់ទុកជាព្រឹត្តិការសំខាន់បំផុត និងមានតម្លៃបំផុតមួយសម្រាប់សហគមន៍ពួកគេ ហើយពួកគេគិតថាព្រលឹងទាំងនោះបានត្រលប់មកភូមិកំណើតវិញ បើទោះជាស្លាប់រយៈពេលជាយូរឆ្នាំក្ដី៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment