Thursday, November 19, 2015

ពលរដ្ឋខេត្តប៉ៃលិនទទួលសេវាពិនិត្យ និងព្យាបាលមាត់ធ្មេញ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ



(ប៉ៃលិន)៖ បញ្ហាមាត់ធ្មេញគឺមានសារៈសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូបចាប់តាំងពីវ័យក្មេង រហូតដល់វ័យចាស់ ព្រោះមាត់ធ្មេញ មានតួនាទីយ៉ាងសំខាន់សម្រាប់បរិភោគ និង ទំពាអាហារជាប្រចាំ ដែលផ្គត់ផ្គង់ដល់រាង្គកាយឲ្យមានសុខភាពល្អ។
ជាក់ស្តែងនៅពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញមាត់ធ្មេញ ចំនួន៧នាក់មកពីប្រទេសកូរ៉េ មានបច្ចេកទេស និងមានបទពិសោធន៍ខ្ពស់ក្នុងការ ពិនិត្យព្យាបាល និងណែនាំពីវិធីការពារថែទាំសុខភាពមាត់ធ្មេញ ដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
ការពិនិត្យ និងព្យាបាលនៅពេលនេះ ធ្វើឡើងនៅការិយាល័យតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលមានបញ្ហាសុខភាព មាត់ធ្មេញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ និងអាចសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតបានមួយកម្រិតផងដែរ។
ដោយកម្មវិធីនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតែយកចិតទុកដាក់ខ្ពស់អំពីបញ្ហាសុខុមាភាពដល់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋមានសុខភាពល្អក៏បានចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាប្រទេសជាតិបានរីកចម្រើនផងដែរ។
លោក យឹន សាំងហេង តំណាងក្រុមហ៊ុនស៊ុង មួន បានឲ្យដឹងថា នេះគឺជាលើកទី៣ហើយដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញមាត់ធ្មេញ មកពីប្រទេសកូរ៉េបានជួយពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ ដែលការព្យាបាលនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា រហូដល់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៥។
លោកបន្តថាការមកពិនិត្យ និងព្យាបាលនេះគឺបានកិច្ចសហការ និងគាំទ្រពីសំណាក់លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលមានបញ្ហាសុខភាពមាត់ធ្មេញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ៕

No comments:

Post a Comment