Monday, November 16, 2015

ថ្នាំ​បង្ការ​ទប់​ស្កាត់ជំងឺ៥​មុខ​រួម​គ្នា

ថ្នាំ​បង្ការ​៥​មុខ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​សាណូហ្វី​អាចការពារ​ជំងឺ​ខាន់​ស្លាក់​ តេតាណូស ក្អក​មាន់ គ្រុន​ស្វិត​ដៃ​ជើង និង​ជំងឺរលាក​ស្រោម​ខួរ​ ដែល​បង្ក​ឡើង​ដោយ​មេរោគ​អេម៉ូហ្វីលីសអ៊ីនភ្លូអ៊ិនហ្សា ប្រភេទ បេ។លក្ខណៈ​ពិសេស​របស់​ថ្នាំ​បង្ការ​នះ​ គឺ​ចាក់​តាម​សាច់ដុំ​មួយ​ម្ជុល​មាន​ថ្នាំ​បង្ការ​ទាំង​ប្រាំ​មុខ​នេះ​តែ​ម្តង។​


តើ​ថ្នាំ​បង្ការ​៥​មុខ​រួម​បញ្ចូល​គ្នា​នេះ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?
ការ​ផលិត​ថ្នាំ​បង្ការ​រួម​បញ្ចូល​គ្នា​នេះគឺ​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍​ផ្នែក​សុខភាព​សាធារណៈ និង ជា​អាទិទេព​មួយ​ ព្រម​ទាំង​ជួយ​ទំនុក​បម្រុង​ដោយ​អង្គការ​សុខភាព​ពិភព​លោក។ ការ​បញ្ចូល​ថ្នាំ​បង្ការ​រួម​គ្នា​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ដំណើរ​ការ​ចែក​ចាយ​និង​បង្កើន​អត្រា​គ្រប​ដណ្តប់ នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ។ ផល​ប្រយោជន៍​ផ្សេង​ទៀត​រួម​មាន​ការ​កាត់​បន្ថយ​ចំនួន​នៃ​ការ​ចាក់ និង​កាត់​បន្ថយ​ចំនួន​នៃ​ការ​ឈឺ​ចាប់​ត្រង់​កន្លែង​ចាក់។ ដូច​នេះ កុមារ​ក៏​ដូច​ជា​មាតា​បិតា​មាន​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​យក​ថ្នាំ​បង្ការ​នេះ។

តើ​ថ្នាំ​បង្ការ​នេះ​មាន​សុវត្ថិ​ភាព​យ៉ាង​ដូច​ម្តេច​ដែរ?
ក្តី​កង្វល់​ពី​ប្រសិទ្ធ​ភាព​និង​ប្រតិកម្ម​របស់​ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់​ដែល​ផលិត​ពី​មេរោគ​ទាំង​មូល​បាន​ឈាន​ដល់​ការ​ផលិត​ឡើង​នូវ​ថ្នាំ​បង្ការ​ដែល​ត្រូវ​បាន​គេ​បន្សុទ្ធ​យ៉ាង​ហ្មត់​ចត់​ពី​បំណែក​មួយ​នៃ​មេរោគ។ ថ្នាំ​បង្ការ​ដែល​គេ​បន្សុទ្ធ​ចុង​ក្រោយ​នេះ​ គឺ​មាន​សុវត្ថិភាព​ជាង​ថ្នាំ​បង្ការ​មុនៗ​ ទាំង​ការ​ចាក់​បឋម និង​ការ​ចាក់​រំលឹក​ដែល​អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​ពី​ប្រតិកម្ម​រំខាន​របស់​ថ្នាំ​បង្ការ​ដែល​ផលិត​ពី​មេរោគ​ទាំង​មូល។ ដូច​ជា​នៅ​ប្រទេស​កាណាដា គេ​សង្កេត​ឃើញ​មាន​ការ​ថយ​ចុះ​ផល​រំខាន​ ដូច​ជា​អាការ​គ្រុន​ក្តៅ​រហូត​ដល់​៧៩% បើ​ប្រៀប​ធៀប​ជាមួយ​ថ្នាំ​បង្ការ​មុនៗ។ ការ​សិក្សា​នៅ​គ្លីនិក​ចំនួន​១៤ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចំនួន​៩​ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​ការ​បង្កើត​ប្រព័ន្ធ​ការពារ និង​ប្រតិកម្ម​រំខាន​របស់​ថ្នាំ​បង្ការ​នេះ។ លទ្ធផល​ជា​រួម​ គឺ​ថ្នាំ​បង្ការ​នះ​មាន​សុវត្ថិភាព​ល្អ។ការ​ឡើង​ក្រហម​និង​រឹង​នៅ​ត្រង់​កន្លែង​ចាក់​ក៏​ដូច​ជា​ផល​រំខាន​ផ្សេង​ទៀត​មាន​កម្រិត​ទាប។

តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ក្នុង​ករណី​កុមារ​មាន​ផល​រំខាន​ពី​ការ​ចាក់​ថ្នាំ​បង្ការ ​ដូច​ជា​ឈឺ​ចាប់​ឬ​គ្រុន​ក្តៅ?
ជា​ទូទៅ​ផល​រំខាន​នេះ​មាន​លក្ខណៈស្រាល ហើយ​មាន​រយៈពេល​ពី​១​ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។ ត្រូវ​ប្រើ​កុំប្រេស​ឬ​ក្រណាត់​សើម​ហើយ​ត្រជាក់​គ្រប​ពី​លើ​កន្លែង​ដែល​ចាក់​ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់។ក្នុង​ករណី​មាន​អការ​គ្រុន​ក្តៅ (កម្តៅ​របស់​កុមារ​លើស​ពី​៣៨​អង្សា​សេ) ត្រូវ​ឲ្យ​កុមារ​ផឹក ឬ​លេប​ថ្នាំ​បន្ថយ​កម្តៅ​​ប្រភេទ​ប៉ារ៉ា​សេតា​ម៉ុល ឬ​អ៊ីប៊ុយប្រូហ្វែន​ទៅ​តាម​កម្រិត​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ណែនាំ។

តើ​គ្រូ​ពេទ្យ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នះ​ដល់​កុមារ​តាម​កាល​វិភាគ​យ៉ាង​ដូច​ម្តច?
ការ​ចាក់​បឋម​គឺ​៣​ដង​ក្នុង​អំឡុង​កុមារ​អាយុ​១ឆ្នាំ​ដំបូង និង​ចាក់​រំលឹក​១​ដង​ទៀត​ក្នុង​អំឡុង​កុមារ​អាយុ​២​ឆ្នាំ។ កាល​វិភាគ​នៃ​ការ​ចាក់​អាច​អនុវត្ត​តាម​កាល​វិភាគ​ផ្សេងៗ​គ្នា​គឺៈ
១. នៅ​ពេល​កុមារ​អាយុ​៦​សប្តាហ៍-១០​សប្តាហ៍-១៤​សប្តាហ៍ ឬ
២. នៅ​អាយុ​២ខែ-៣ខែ-៤ខែ ឬ
៣. នៅ​អាយុ​២​ខែ-៤​ខែ-៦​ខែ។

ការ​អនុវត្ត​តាម​កាល​វិភាគ​មួយ​ណា​ក៏​ដោយ​ត្រូវ​មាន​ចាក់​រំលឹក​នៅ​ចន្លោះ​ខែ​ទី​១៥ ទៅ​ខែ​ទី​១៨។ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​លើ​សកល​លោក បាន​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធី​ពង្រីក​ការ​ចាក់​ថ្នាំ​បង្ការ​នូវ​ការ​ចាក់​រំលឹក​ថ្នាំ​បង្ការ​ជម្ងឺ​ខាន់​ស្លាក់ តេតាណូស ក្អក​មាន់ និង​គ្រុន​ស្វិត​ដៃ​ជើង នៅ​អាយុ​១៨​ខែ​និង​អាយុ​មុន​ចូល​សា​លា (៦ឆ្នាំ) ដើម្បី​ធានា​នូវ​និរន្តភាព​នៃ​ប្រព័ន្ធ​ការពារ​ទប់​ទល់​នឹង​ជម្ងឺ​ដ៏​កាច​សាហាវ​ទំាង​នេះ។

No comments:

Post a Comment