Friday, November 13, 2015

លោក សម រង្ស៊ី ចេញការពារខ្លួន និងប្រកាសមិនជាប់ព័ន្ធ ជាមួយទង្វើរបស់ឪពុក

ភ្នំពេញ៖ លោក សម រង្ស៊ី បានចេញមកការពារ ភាពស្អាតស្អំរបស់ខ្លួន ហើយអះអាងថា រូបលោកមិនជាប់ ពាក់ព័ន្ធទង្វើរបស់ឪពុក ដែលត្រូវអតីតព្រះមហាក្សត្រអះអាងថា ជា «ជនក្បត់ជាតិ» នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីម្សិលមិញនេះ បានទម្លាយកម្រងសៀវភៅមួយក្បាល ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរនកោដ្ឋ សម្តេច នរោត្តម សីហនុ ដែលព្រះអង្គលាតត្រដាងថា លោក សម សារី ឪពុករបស់លោក សម រង្ស៊ី ជា «ជនក្បត់ជាតិ» នៅក្នុងសម័យសង្គមរាស្រ្តនិយម។
សម្តេចតេជោ ហ៊ុន សែន ក្នុងសេចក្តីថ្លែងការណ៍តាម Facebook កាលពីម្សិលមិញនេះ បានចាត់ទុកលោក សម រង្ស៊ី ជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពោលចិត្តគំនិតរបស់លោក មិនខុសពីឪពុក មិនខុស ក៏ដោយសារលោក សម រង្ស៊ី នៅតែព្យាយាមបំផ្លិចបំផ្លាញសន្តិសុខ ស្ថេរភាព នៅក្នុងប្រទេសជាតិ។


ក្រោយការទម្លាយកម្រងសៀវភៅមួយក្បាលនេះ លោក សម រង្ស៊ី ក៏បានឆ្លើយតាមសារអេឡិចត្រូនិចមកមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា រាល់រឿងរ៉ាវ ដែលគេចោទប្រកាន់ ឪពុករបស់លោក គឺមិនជាប់ពាក់ព័ន្ធជាមួយរូប លោក ដែលជាកូននោះឡើយ។ ប្រធានបក្សប្រឆាំងរូបនេះ ក៏បានលើកជាឧទាហរណ៍ប្រៀបប្រដូចថា បើថ្ងៃណា សម្តេចតេជោ ហ៊ុន សែន នឹងត្រូវចោទប្រកាន់រឿងអ្វីមួយនៅចំពោះមុខច្បាប់ លោកនឹងចេញមុខការពារកូនៗ សម្តេចមុនគេ ដោយលោកអះអាងថា កូនៗ របស់សម្តេចមិនជាប់ពាក់ព័ន្ធសកម្មភាពសម្តេចនោះឡើយ។
លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះ «បើថ្ងៃណាមួយ លោក ហ៊ុន សែន ត្រូវគេចោទប្រកាន់ពីរឿងអ្វីមួយ នៅ ចំពោះមុខតុលាការណាមួយ ខ្ញុំនឹងចេញមុខមុនគេ ការពារកូនរបស់លោក បើកូនទាំងនោះទទួលនូវការស្តីបន្ទោស ណាមួយ ពីព្រោះកូនមិនមែនជាអ្នកទទួលខុសត្រូវ ហើយក៏មិនពាក់ព័ន្ធអ្វី ទៅនឹងរឿងដែលគេចោទប្រកាន់ឪពុក នោះទេ»។
លោក សម រង្ស៊ី នៅបានលើកឡើងទៀតថា អំពើហឹង្សាលើតំណាងរាស្ត្រពីររូប នៃគណបក្សប្រឆាំង ព្រមទាំងការ ដកដំណែងលោក កឹម សុខា ដោយខុសច្បាប់ បានបង្កើតនូវបរិយាកាសនយោបាយ ដ៏អាក្រក់មួយ ដែលជា ឧប សគ្គ ចំពោះការបោះឆ្នោត ឆ្នាំ២០១៧ និង ឆ្នាំ ២០១៨។
លោក សម រង្ស៊ី បានដាក់ការសង្ស័យថា ទង្វើទាំងអស់នេះ អាចជាផ្នែក នៃគម្រោងមួយ ដែលគេរៀបចំឡើង ដើម្បីបង្អាក់ដំណើរការបោះឆ្នោត ទាំងមូលតែម្តង៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment