Saturday, November 14, 2015

មន្ត្រី៖ ថវិកា​រៀបចំ​បុណ្យ​អ៊ុំទូក ទុក​ទិញ​ប្រេង​ឥន្ធនៈ

 មន្ត្រី​រាជ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ថវិកា​បម្រុង​ទុក​រៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យ​អ៊ុំទូក​ឆ្នាំ​នេះ ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្អាក​នោះ នឹង​ត្រូវ​បង្វែរ​ទុក​ទិញ ប្រេង​ឥន្ធនៈ​ចំនួន ៦០o,០០០ លីត្រ​បន្ថែម​ទៀត​ ដើម្បី​យក​មក​ដំណើរ​ការ​ស្ថានីយ បូម​ទឹក និង​ផ្គត់​ផ្គង់​ទៅ​លើ​តំបន់​ដែល​មាន​ភាព​រាំង​ស្ងួត នៅ​ដើម​រដូវ​ប្រាំង​ខាង​មុខ។
លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បន្ត​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ប្រេង​ឥន្ធនៈ​ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន សូគីមិច នឹង​ត្រូវ​បែង​ចែក​ទៅ​ស្ថានីយ​បូមទឹក ក្នុង​ខេត្ត ១៤ រួម​មាន​ខេត្ត​កណ្តាល ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​កំពង់ឆ្នាំង ​ជា​ខេត្ត​អាទិភាព។
លោក យុត្ថា បាន​ឲ្យ​ដឹង​ថា «ជា​រៀង​រាល់​ឆ្នាំ យើង​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ប្រមាណ​ជាង ១.៥ លាន​លីត្រ ហើយ​នេះ​ជា​ករណី​ពិសេស​ក្នុង​ការ​បន្ថែម​ទិញ»។ «ការ​ប្រមូល​ទឹក​សម្រាប់​រដូវ​ប្រាំង​លើក​នេះ ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា ទន្លេ​មេគង្គ​ គឺ​មាន​កម្រិត​ទឹក​ទាប ណាស់​ក្នុង​​ឆ្នាំ​នេះ​ ត្រឹម​តែ ៧ ម៉ែត្រ​ទេ ចំណែក​ឯ​នៅ​ទន្លេ​បាសាក់ ចតុមុខ វា​មាន​កម្រិត​ទឹក​ជាង ៣ ម៉ែត្រ ដែល​តិច​ជាង​ឆ្នាំ​មុន»។
អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​តម្លៃ​ប្រេង​ឥន្ធនៈ ឬ មាន​ប៉ុន្មាន​ភាគរយ​នៃ​ថវិកា​សរុប​របស់ ពិធី​បុណ្យ​អ៊ុំទូក​ដែល​ត្រូវ​បាន​​គេ​ផ្តល់​ឲ្យ​នោះ​ទេ។
សូមបញ្ជាក់ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ព្រឹត្តិការណ៍​ដ៏​មាន​ប្រជាប្រិយ​ ទាក់​ទាញ មនុស្ស​រាប់​ពាន់​នាក់​មក​ចូល​រួម​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​មុន ដោយ​លោក​លើក​ឡើង​ថា កម្រិត​ទឹក​នៅ ទន្លេ​បាសាក់ ទាប​ខ្លាំង​ណាស់ សម្រាប់​ការ​ប្រណាំង​ទូក។
ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​មួយ​ចំនួន​បាន​​លើក​ឡើង​ថា ហេតុ​ផល​ពិត គឺ​បញ្ឈប់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង នាំ​គ្នា​សម្រុក​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ​ច្រើន ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី ចំ​ពេល​ដែល​កំពុង​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ ក្រោយ​ពី​មាន​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​នៅ​ខាង​ក្រៅ​រដ្ឋសភា​រួច​មក៕

ដោយ មុន្នី proleng khmer

No comments:

Post a Comment