Saturday, November 14, 2015

តុលាការ​ក្រុង​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​ដីកា​បង្គាប់ឲ្យ​កង​កម្លាំង​សាធារណៈ​​ស្រាវជ្រាវ​រក​ចាប់ និង​នាំ​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ យក​មក​អនុវត្ត​ទោស ដាក់​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចំនួន ២ ឆ្នាំ តាម​អំណាច​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ឆ្នាំ​ ២០១៣ ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។
ដីកា​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ ចេញ​ដោយ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ស៊ឺ វណ្ណនី ធ្វើ​ឡើង​បន្ទាប់​ពី​ពាក្យ​សុំ​អនុវត្ត​ដីកា​ស្ថាពរ នៅ​ថ្ងៃ​សុក្រ​​នេះដែរ របស់​លោក ការ សាវុត្ថ មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក ហោ ណាំហុង ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ពី​បទ បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើសអើង ប្រព្រឹត្ត​នៅ​សារមន្ទីរ ជើងឯក កាល​ពី​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០០៨ តាម​មាត្រា ៣០៥ មាត្រ ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។
កាល​នោះ លោក​ ហោ ណាំហុង បាន​ប្តឹង​លោក​សម រង្ស៊ី បន្ទាប់ពី​លោក សម រង្ស៊ី ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ ក្នុង​ពេលប្រារព្ធ​ទិវាចង​កំហឹង ១៧ មេសា នៅ​វាល​ពិឃាត​ជើង​ឯក​ ​ដោយ​បាន​ចោទ​ប្រកាន់​ថា ​លោក ​ហោ ណំាហុង​ ជា​ប្រធាន​គុក​បឹងត្របែក​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​
ក្នុង​សំណុំ​រឿង​នេះ លោក សម រង្ស៊ី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨ លាន​រៀល ហើយ​សាលា​ឧទ្ធរណ៍​បាន​សម្រេច ចំណាយ​សំណុំ​រឿង​ចេញ​ពី​បញ្ជី​ក្តី​សាលា​ឧទ្ធរណ៍ តាម​សាល​ដីកា​ស្ថាពរលេខ ១៧ ក្រ៥.ប ចុះថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៣ តែ​ឈ្មោះ សម រង្ស៊ី ពុំ​ទាន់​បាន​អនុវត្ត​ទោស​នៅ​ឡើយ។
លោក​ សម រង្ស៊ី ​មិន​អាច​ទាក់ទង​សុំ​​អធិប្បាយ​បាន​ទេ ខណៈ​បច្ចុប្បន្ន លោក​រួម​ជាមួយ​អនុប្រធាន ​លោក កឹម សុខា កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​គ្រោង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​នា​ចុង​សប្តាហ៍​នេះ ដើម្បី​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការងារ និង​​សិក្សា រស់​នៅ​ទី​នោះ​។

ដោយ មុន្នី proleng khmer

No comments:

Post a Comment