Friday, November 13, 2015

កាមេរ៉ា ១៤​គ្រឿង​ត្រៀម​ចាប់​ទិដ្ឋភាព​ផ្សាយ​ផ្ទាល់​ពេល​កម្ពុជា​ប៉ះ​ជប៉ុន​

ប្រភព​ពី​ទូរទស្សន៍​បាយ័ន​ព័ត៌មាន BTV បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បច្ចេកទេស​ដែល​មាន​ការ​សហការ​ពី​អ្នក​ជំនាញការ​មក​ពី​ប្រទេស​ជប៉ុន នឹង​ប្រើ​ប្រាស់​កាមេរ៉ា ១៤​គ្រឿង​ដើម្បី​ចាប់​យក​ទិដ្ឋភាព​នៃ​ការ​ប្រកួត​​ជើង​ទី២ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​ក្នុង​ជំនួប​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលE ជុំ​ទី២ ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ។


ប្រភព​ពី​ក្រុម​ការងារ​បច្ចេកទេស​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន BTV បាន​បញ្ជាក់​ថា កាមេរ៉ា​ទាំង ១៤​គ្រឿង​នោះ មាន ៨​គ្រឿង​ជា​របស់​កម្ពុជា ឯ ៦​គ្រឿង​ទៀត​នាំ​មក​ពី​ប្រទេស​ជប៉ុន។ ចំពោះ​ការ​ផ្សាយ​ផ្ទាល់ នឹង​មាន​ការ​សហការ​ពី​អ្នក​ជំនាញការ​មក​ពី​ប្រទេស​ជប៉ុន ហើយ​ទូរទស្សន៍ NTV ផ្សាយ​ចេញ​ទៅ​ប្រទេស​ជប៉ុន​តែ​ម្ដង។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ការងារ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​​ផ្សាយ​ផ្ទាល់។ នេះ​គឺ​ជា​ការ​ដាក់​កាមេរ៉ា​ថត​ផ្សាយ​ផ្ទាល់​បាល់​ទាត់​ច្រើន​បំផុត​​មិន​ធ្លាប់​មាន ព្រោះ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពី​មុន​មក ក្រុម​ការងារ​បាន​ដាក់​កាមេរ៉ា​តែ ៦​ប៉ុណ្ណោះ ឯ​ការ​ប្រកួត​លីក​មាន​ចាប់​ពី៤ រហូត​ដល់ ៦​កាមេរ៉ា​តាម​ស្ថានភាព​ជាក់​ស្ដែង។

ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ​២០១៨ ​នៅ​ប្រទេស​រុស្ស៊ី​ វគ្គ​ជម្រុះ​​តំបន់​អាស៊ី​​ ពូលE ជុំ​ទី​២​ ជើង​ទី​២ រវាង​ម្ចាស់​ផ្ទះ​​កម្ពុជា​និង​ជប៉ុន នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧:១៤​នាទី​យប់ ​​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ ខាង​មុខ។ ​សំបុត្រ​ចូល​ទស្សនា​ចាប់​ផ្ដើម​លក់​ហើយ ក្នុង​តម្លៃ​៤​ម៉ឺន​រៀល(ក្រោម​ដំបូល) និង​១​ម៉ឺន​២​ពាន់​រៀល(តំបន់​ជុំវិញ)។ ការ​ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផង​ដែរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment