Wednesday, November 11, 2015

កែ ឡេ​ង សុខចិត្ត​ចោល​រង្វាន់ បើ​មាន​ក្បួន​ដង្ហែ​ពី​ព្រ​លាន​យន្តហោះ

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជា​២​ថ្ងៃ​កន្លង​ទៅ​នេះ មានការ​ជជែក​ដេញដោល​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​ករណី​អ្នកស្រី កែ ឡេ​ង ក្រោយ​ពេល​អ្នកស្រី​ទទួល​បាន​មេដាយមាស​ជា​លើក​ទី​២​ពី​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា ។ ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ប្រៀបធៀប​រវាង​អ្នកស្រី និង​ស៊ន សៀវ​ម៉ី យ៉ាង​ក្ដី​គគុក បន្ទាប់​ពី​អ្នកស្រី​ត្រូវ​គេ​ដឹង​ថា បាន​ទទួល​មេដាយមាស​កម្រិត​ពិភពលោក​ដល់​ទៅ​២​លើក ប៉ុន្តែ​បើ​និយាយ​ពី​ការ​ផ្ដល់​ជូន​កិត្តិយស គឺ​មិន​ស្មើនឹង​ស៊ន សៀវ​ម៉ី ដែល​ទទួល​បាន​មេដាយមាស​ពី​កីឡា​អាស៊ី​កាលពី​ឆ្នាំ​២០១៤ ។ 

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ បន្ទាប់​ពី​អ្នកស្រី​កែ ឡេ​ង បាន​លាតត្រដាង​ពី​អារម្មណ៍​តូច​ចិត្តជា​សាធារណៈ​នៅ​លើ​បណ្ដាញសារព័ត៌មាន ហើយ​ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បន្ត​ចែកចាយ និង​ជជែក​ដេញដោល​កាន់តែ​ខ្លាំង​កាលពី​ថ្ងៃ​ម្សិលមិញ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្ដិភាព អ្នកស្រី​នៅ​តែ​បង្ហាញ​អារម្មណ៍​តូចចិត្ត​ដែល​ខ្លួន​ទទួល​បាន​មេដាយមាស​ប្រមាណ​ជាង​១០​មក​ហើយ ប៉ុន្តែ​មិន​ទាន់​យល់​ថា ខ្លួន​អ្នកស្រី​ទទួល​បាន​កិត្តិយស​ស្មើនឹង​ស៊ន សៀវ​ម៉ី ដែល​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​លើកតម្កើង​កាលពី​ឆ្នាំ​២០១៤ ។ អ្នកស្រី​នៅ​តែ​យល់​ថា​ឱកាស​មិន​មាន​ក្បួន​ដង្ហែ​ក្នុង​ពេល​អ្នកស្រី​នាំ​យក​មេដាយមាស​ត្រឡប់​មក​ដល់​ស្រុក ពី​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ដូច​កញ្ញា​ស៊ន សៀវ​ម៉ី គឺជា​អ្វី​ដែល​មិន​ផ្ដល់​ការ​លើកទឹកចិត្ត​ឱ្យ​បាន​ស្មើគ្នា​សម្រាប់​កីឡាការិនី​ដែល​ទទួល​បាន​មេដាយមាស​មក​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​។ អ្នកស្រី​នៅ​តែ​រក្សា​ជំហរ​ដដែល​ថា​៖«​សៀវ​ម៉ី គាត់​បាន​ទទួល​មេដាយមាស​តែ​ម្ដង​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ទទួល​បាន​កិត្តិយស​ខ្លាំង​ណាស់ គឺ​មាន​ក្បួន​ដង្ហែ​ទាំង​កណ្ដាល​យប់​ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ក៏​ស្គាល់​ពី​ស្នាដៃ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​មិនមែន​ទើបតែ​បាន​មេដាយមាស​ពិភពលោក​២​ហ្នឹង​ទេ គឺ​មេដាយ​កម្រិត​អាស៊ី ដូច​សៀវ​ម៉ី​ក៏​បាន​ច្រើន​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​មានសំណាង​ដូច​អា​សៀវ​ម៉ី​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​ខ្ញុំ​តូចចិត្ត ព្រោះ​ខ្ញុំ​តស៊ូ​ជាមួយ​កីឡា​ហ្នឹង​យូរ​ឆ្នាំ​ហើយ ។ ខ្ញុំ​អាយុ​៥៣​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​យល់​ថា​ខ្លួន​មិន​មាន​កិត្តិយស​បាន​ស្មើនឹង​ស៊ន សៀវ​ម៉ី​ទេ​!»​។ អ្នកស្រី​នៅ​តែ​អះអាង​ថា ក្បួន​ដង្ហែ​ពី​ព្រ​លាន​យន្តហោះ និង​ក្បួន​ដង្ហែ​ដែល​ខាង​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​គ្រោង​រៀបចំ​ឱ្យ​នៅ​ថ្ងៃ​ប្រគល់​រង្វាន់ មិន​មាន​តម្លៃ​ដូច​គ្នា​នោះ​ទេ ដោយ​ចាត់​ទុក​ថា​កិត្តិយស​ដែល​ទទួល​បាន​ក៏​មាន​សណ្ឋាន​ផ្ទុយ​ស្រឡះ​មិន​ដូច​គ្នា​ផង​ដែរ ។ អ្នកស្រី​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​ផ្ដល់​ថវិកា​ឱ្យ​អ្នកស្រី​សូ​ម្បី​មួយ​រៀល​ក៏​បាន​ដែរ បើ​ឱ្យ​អ្នកស្រី​ជ្រើស​យក​ពិធី​ដង្ហែ​ក្បួន​ក្នុង​ពេល​អ្នកស្រី​ចុះ​ពីលើ​យន្តហោះ​ភ្លាម​ៗ​ដូច​គ្នា​នឹង​ស៊ន សៀវ​ម៉ី ក្នុង​ពេល​អ្នកស្រី​ត្រឡប់​មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា វេលា​ម៉ោង​៧​យប់​នោះ ។ អ្នកស្រី​និយាយ​ថា​៖«​ទោះ​អ្នក​ណា​ក៏​មាន​សតិអារម្មណ៍​ដែរ​អូន ដែល​យើង​តស៊ូ​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​ទទួល​បាន​មេដាយ​ពី​ក្រៅប្រទេស​រាប់​មិន​អស់ ប៉ុន្តែ​ចុង​ក្រោយ​គេ​បាន​តែ​មេដាយ​មួយ គេ​មាន​កិត្តិយស​កក្រើក​មេឃ​កក្រើក​ដី មិនមែន​ខ្ញុំ​ច្រណែន​ក្មេង​ទេ ប៉ុន្តែ​ខ្ញុំ​ចង់ឱ្យ​មានការ​លើកទឹកចិត្ត​ឲ្យ​ស្មើគ្នា ម្យ៉ាង​មេដាយ​ដែល​ខ្ញុំ​ទទួល​បាន មិនមែន​មេដាយ​អាស៊ី​ទេ គឺ​មេដាយ​ពិភពលោក សូ​ម្បី​តែ​ប្រទេស​ទាំង​៤៥​ដែល​ជា​ដៃគូ​របស់ខ្ញុំ ពេល​ទៅ​ប្រកួត​នៅ​ថៃ​ហ្នឹង​ក៏​ភ្ញាក់ផ្អើល​ដែរ ចុះ​ហេតុ​អ្វី​ខ្ញុំ​អត់​បាន​ទទួល​ការ​លើកទឹកចិត្ត​ឱ្យ​ស្មើ​អ្នក​មុន​!»​។ អ្នកស្រី​នៅ​តែ​អះអាង​ថា សុខចិត្ត​មិន​យក​មួយ​រៀល ប្រសិនបើ​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សម្រេច​ឲ្យ​មាន​ក្បួន​គគ្រឹកគគ្រេង​ឱ្យ​បាន​ដូច​គ្នា​នឹង​ស៊ន សៀវ​ម៉ី នា​ពេល​កន្លង​ទៅ​។ អ្នកស្រី​កាន់តែ​មាន​អារម្មណ៍​តូចចិត្ត​នៅ​ពេល​មានការ​ប្រៀបធៀប​កាន់តែ​ខ្លាំង​រវាង​អ្នកស្រី និង​កញ្ញា​ស៊ន សៀវ​ម៉ី ដែល​ក្នុង​ការ​ប្រកួត​ក្រោយ​ៗ​គឺ​មិន​ទទួល​បាន​មេដាយ​ការពារ​តំណែង​របស់​ខ្លួន​នោះ​ទេ សម្រាប់​ការ​ប្រកួត​អន្តរជាតិ ។ អ្នកស្រី​និយាយ​ថា ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ អ្នកស្រី​បន្ត​ការ​ប្រកួត​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ដោយ​អ្វី​ដែល​អ្នកស្រី​រំពឹង​មុនគេ គឺ​ក្នុង​ពេល​មក​ដល់​ស្រុក នឹង​បានឃើញ​ក្បួន​ដូច​គ្នា​នឹង​ក្បួន​កិត្តិយស​ដែល​ធ្លាប់​ដង្ហែ​កញ្ញា​ស៊ន សៀវ​ម៉ី កាលពី​យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៤ ដោយ​មាន​ទាំង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​ចាំ​ទទួល​ទាំង​យប់​នោះ​ផង ។ អ្នកស្រី​និយាយ​ថា​៖«​ខ្ញុំ​មាន​សតិអារម្មណ៍​តាំងពី​ខ្ញុំ​ចុះ​ពីលើ​យន្តហោះ​ម្ល៉េះ​ព្រោះ​មេដាយ​ដែល​ខ្ញុំ​ទទួល​បាន​គឺជា​មេដាយមាស​កម្រិត​ពិភពលោក មិនមែន​កម្រិត​អាស៊ី​ទេ ហើយ​ជា​មេដាយមាស​លើក​ទី​២​ទៀត ។ ចុះ​ហេតុ​អ្វី​ពេល​គេ​ចុះ​ពីលើ​យន្តហោះ​គេ​បាន​កិត្តិយស​គគ្រឹកគគ្រេង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ស្គាល់​ជាតិ​ដូច​គេ0x017d7 ខ្ញុំ​សុខចិត្ត​អត់​យក​ប្រាក់​រង្វាន់​ក៏​បានឱ្យ​តែ​ខ្ញុំ​បាន​ទទួល​កិត្តិយស​ដូច​សៀវ​ម៉ី បែប​ហ្នឹង​បាន​ម្ដង ។ ម្យ៉ាង​ថ្ងៃ​ខ្ញុំ​ចុះ​យន្តហោះ​ហ្នឹង​(៨-១១-២០១៥) គឺ​ម៉ោង​ទើបតែ​៧​យប់​ទេ ហើយ​ក៏​អត់​ចំ​ថ្ងៃ​បុណ្យ​ដែរ​(៩ វិច្ឆិកា​)​? ហេតុ​អ្វី​កាល​សៀវ​ម៉ី​គាត់​រៀបចំ​ទាន់ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​ទាន់ ដល់​ពេល​ខុស​គ្នា​អ​ញ្ចឹ​ង​តើ​កីឡាករ​ណា​មិន​មាន​សតិអារម្មណ៍​!» ។ អ្នកស្រី​នៅ​តែ​យល់​ថា គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​គ្រោង​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ឱ្យ​អ្នកស្រី​ក្នុង​ពេល​ខាង​មុខ នៅ​តែ​មិន​ធ្វើ​ឱ្យ​អ្នកស្រី​បាត់បង់​អារម្មណ៍​តូចចិត្ត​នោះ​ទេ នៅ​ពេល​ប្រៀបធៀប​ខ្លួន​នឹង​អ្វី​ដែល​ស៊ន សៀវ​ម៉ី បាន​ទទួល ។ អ្នកស្រី​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​តូចចិត្ត​ព្រោះ​ពេល​នេះ​ខ្ញុំ​មាន​មេដាយមាស​១២-១៣​ហើយ ពី​ការ​ប្រកួត​កម្រិត​ពិភពលោក និង​អាស៊ី ប៉ុន្តែ​សួរ​ថា មនុស្ស​ប៉ុន្មាន​នាក់​ស្គាល់​ខ្ញុំ​ដូច​ស៊ន សៀវ​ម៉ី0x017d7 នោះ​មក​ពី​អី គឺ​មក​ពី​ការ​លើកទឹកចិត្ត​មិន​បាន​ស្មើគ្នា​ហ្នឹងឯង​!»​។  

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មិន​អាច​សុំ​ការ​បញ្ជាក់​បាន​នៅឡើយ​ទេ ប៉ុន្តែ​មុន​នេះ​បន្តិច​លោក​បាន​ថ្លែង​ថា ការ​រៀបចំ​ក្បួន​ទទួល​អ្នកស្រី​នៅ​ព្រ​លាន​យន្តហោះ​ធ្វើ​មិន​ទាន់ គឺ​ដោយសារ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​មិន​ទាន់ និង​បណ្ដាល​មក​ពី​មិន​មាន​ចំណារ​ពី​ថ្នាក់លើ ។ ជាមួយ​គ្នា​នោះ លោក​បាន​បញ្ជាក់​ថា មិន​ថា​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​ទើប​ពិធី​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ទទួល​រង្វាន់​នឹង​ត្រូវ​បាន​ប្រារព្ធ​នោះ​ទេ​ដោយសារ​តែ​លោក​បាន​ដាក់​សំណើ​ហើយ ប៉ុន្តែ​ត្រូវ​រង់ចាំ​ចម្លើយ​ពី​ថ្នាក់លើ​សិន ។ លោក​មាន​ប្រសាសន៍​ថា ពិធី​ដង្ហែ​អ្នកស្រី​កែ ឡេ​ង ពី​ព្រ​លាន​យន្តហោះ ដ្បិតថា​មិន​ត្រូវ​បាន​ធ្វើ ប៉ុន្តែ​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នឹង​សុំ​ការ​សម្រេច​ដង្ហែ​ក្បួន​អ្នកស្រី​នៅ​ថ្ងៃ​ទទួល​រង្វាន់​ឱ្យ​បាន​ធំដុំ​ជាង​មុន ៕





ដោយ មុន្នី proleng khmer

No comments:

Post a Comment