Tuesday, October 27, 2015

ខ្សែ​ដែល​ដាច់ ត្រូវ​ត​វិញ​របៀប​ម៉េច? ចុះ​បេះ​ដូង​ដែល​ប្រេះ​ស្រាំ ត្រូវ​ភ្ជាប់​វិញ​របៀប​ណា?

ពេល​ខ្លះ​ស្នេហា គឺ​ជា​រឿង​ដ៏​អាថ៌​កំបាំង​មួយ ដែល​ពិបាក​នឹង​ជីក​កកាយ​ណាស់។ ប៉ុន្តែ​ពេល​ខ្លះ ស្នេហា​គឺ​ជា​រឿង​ដ៏​រាក់​កំផែល​មួយ ដែល​គ្មាន​អ្វី​ជា​ប្រយោជន៍​ឡើយ។ “ស្នេហា គ្មាន​តម្លៃ ឬ​ស្នេហា ជា​ការ​ឈឺ​ចាប់…” ជា​ពាក្យ​ដែល​ត្រូវ​បាន​ពោល​ចេញ​ពី​អ្នក​បរាជ័យ​ក្នុង​រឿង​ស្នេហា។
មុន​នឹង​មនុស្ស​ម្នាក់​អាច​ញញឹម​ក្នុង​រឿង​ស្នេហា គេ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​នូវ​ទឹក​ភ្នែក​រាប់​រយ​ដំណក់ ហើយ​ទឹក​ភ្នែក​នោះ​គឺ​ជា​ភ្នែក​ឈឺ​ចាប់​បំផុត​ ដែល​មនុស្ស​ម្នាក់​ធ្លាប់​បាន​ជួយ​ប្រទះ​។ ចំណង​ស្នេហ៍​ដែល​បែក​បាក់​នេះ អ្នក​អាច​ត​​វា​ឲ្យ​ជាប់​គ្នា​វិញ​បាន មិន​មែន​អាស្រ័យ​តែ​លើ​អ្នក​ម្ខាង​នោះ​ទេ គឺ​ត្រូវ​សម្រេច​ចិត្ត​ពី​មនុស្ស​ម្នាក់​ទៀត ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​គេ​ផ្ទាល់ តើ​គេ​ចង់​ត​ភ្ជាប់​ចំណង​នេះ​បន្ត​ទៀត ឬ​ក៏​ត្រូវ​កាត់​ផ្ដាច់​វា​ចោល​ជា​រៀង​រហូត? អូខេ! ប្រសិន​បើ​ម្ខាង​ទៀត យល់​ព្រម​ត​ភ្ជាប់​ហើយ វា​គឺ​ជា​ការ​ពិចារណា​របស់​អ្នក​វិញ​ម្ដង។ ការ​ពិចារណា​នៅ​ពេល​នេះ​សំខាន់​ណាស់ ព្រោះ​បើ​សិន​ជា​មិន​បាន​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ ច្បាស់​ជា​នឹង​ត្រូវ​ដាច់​ជា​លើក​ទី២។ ខ្ញុំ​មិន​អាច​បង្រៀន​អ្នក​ថា​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ​នោះ​ទេ តែ​អ្នក​អាច​ធ្វើ​ការ​គិត​ទៅ​លើ​ចំណុច​មួយ​ចំនួន។ តើ​អ្នក​បែក​គ្នា​ព្រោះ​តែ​មូល​ហេតុ​អ្វី? នរណា​ជា​អ្នក​សុំ​បែក​គ្នា​មុន?
នៅ​ពេល​ដែល​ចម្លើយ​ដ៏​សំខាន់​ទាំង​២​នេះ ឆ្លើយ​ចេញ អ្នក​នឹង​អាច​ធ្វើ​ការ​វិនិច្ឆ័យ​មួយ​ដ៏​ត្រឹម​ត្រូវ ថា តើ​គួរ​ត​ភ្ជាប់​ខ្សែ​ចំណង​ស្នេហ៍​នោះ​វិញ​ឬ​ទេ? ស្នេហា​ពេល​ខ្លះ​ដូច​ជា​ផ្កា ប៉ុន្តែ​ពេល​ខ្លះ​ស្នេហា កខ្វក់​ដូច​ជា​ភក់​ជ្រាំ​អញ្ចឹង។ ដូច្នេះ​ហើយ ការ​សាង​ស្នេហា មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ជោគ​ជ័យ​លើ​វា​បាន​ដោយ​ងាយៗ​នោះ​ទេ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment