Wednesday, October 21, 2015

ធ្លាប់​ដឹង​អត់​ថា Angelina Jolie ទិញ​ដី​ស្រុក​ខ្មែរ​៦​ម៉ឺន​ហិច​តា​ទុក​អភិរក្ស​សត្វព្រៃ?

តួឯក​ស្រី​ប្រចាំ​ហូលីវូដ Angelina Jolie ដែល​ត្រូវ​បាន​មនុស្ស​ទូទាំង​សកល​លោក​ស្គាល់​ថា​ជា​កំពូល​តារា​សម្ដែង និង​ជា​អ្នក​ដែល​មាន​ចិត្ត​សន្ដោស​ប្រណី ចូលចិត្ត​ជួយ​សង្គម កុមារ​កំព្រា និង​អ្នក​ដែល​ជួប​ការ​លំបាក​នោះ ធ្លាប់​បាន​ជួយ​កម្ពុជា​មិន​តិច​ទេ ក្នុង​នោះ​រួម​មាន​ទាំង​ការ​បរិច្ចាគ​ជា​ទឹកប្រាក់ និង​ការ​បង្កើត​គម្រោង​ផ្សេង​ៗ​ជាដើម ជាក់​ស្ដែង​នាង​ធ្លាប់​បាន​បោះ​លុយ​ជា​ច្រើន​ដើម្បី​ទិញ​ដី​៦​ម៉ឺន​ហិច​តា​នៅ​កម្ពុជា ទុក​សម្រាប់​ជា​កន្លែង​អភិរក្ស​សត្វ​ព្រៃ ។
រឿងរ៉ាវ​ទាំង​នេះ​ចាប់​ផ្ដើម​ឡើង​កាលពី​ឆ្នាំ​២០០៣ ដែល​កាលនោះ​អ្នកនាង Angelina Jolie បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​ភាគ​ខាង​ភាគ​ពាយ័ព្យ​នៃ​ខេត្ត​បាត់ដំបង ក្នុង​ផ្ទៃ​ដី​៣៩​ហិច​តា ក្នុង​គោលបំណង​ផ្សារភ្ជាប់​កូន​ប្រុស​របស់​នាង​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​ខ្មែរ ឈ្មោះ Maddox Chivan Jolie-Pitt ទៅ​នឹង​ទឹកដី​កំណើត​របស់​គេ ។
ដោយសារ​តែ​ផ្ទះ​នេះ​ស្ថិត​នៅ​ក្បែរ​ឧទ្យានជាតិ​ដែល​ត្រូវ​បាន​ទន្ទ្រាន​ដោយ​ក្រុម​អ្នក​បរបាញ់​សត្វ​ព្រៃ​ខុសច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វព្រៃ​ផ្សេង​ៗ​ដូចជា ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ដំរី​អាស៊ី និង​ខ្លា​ឥណ្ឌូចិន ដែល​ប្រភេទ​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​នាង​ក៏​សម្រេច​ចិត្ត​ទិញ​ដី​ជុំវិញ​តំបន់​នោះ​៦​ម៉ឺន​ហិច​តា ទុក​សម្រាប់​អភិរក្ស​សត្វ​ព្រៃ​ទាំងនេះ ដោយ​គម្រោង​នេះ​មាន​ឈ្មោះ​ថា Maddox Jolie Project ។
រហូត​ដល់​ឆ្នាំ​២០០៦ អ្នកនាង Angelina Jolie បាន​ពង្រីក​គម្រោង​នេះ ហើយ​ប្ដូរ​ឈ្មោះ​ថា Maddox Jolie-Pitt Project (MJP) ក្នុង​គោលបំណង​បង្កើត​តំបន់​នោះ​ឲ្យ​ក្លាយ​ជា​ភូមិ​សហស្សវត្ស (Millennium Village) ទី​មួយ​នៅ​អាស៊ី ហើយ​គិត​ត្រឹម​ឆ្នាំ​២០០៧ អ្នក​ភូមិ​ចំនួន​៦​ពាន់​នាក់ និង​បុគ្គលិក​៧២​នាក់ ដែល​ក្នុង​នោះ​មាន​ខ្លះ​ធ្លាប់​ជា​អ្នក​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ រស់​នៅ​ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្រោម​គម្រោង MJP នេះ ដោយ​ទីនោះ​មាន​ទាំង​សាលារៀន ផ្លូវថ្នល់ និង​រោងចក្រ​ទឹក​សណ្ដែក​ជាដើម ហើយ​អ្វី​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​អ្នក​នាង Jolie ទាំង​អស់ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ការ​ផ្ដល់​ប្រាក់​ដល់​ការ​បង្កើត​គម្រោង​នេះ​ហើយ អ្នកនាង Angelina Jolie ក៏​ធ្លាប់​បាន​ផ្ដល់​ប្រាក់​សង់​សាលារៀន និង​មូលនិធិ​ថែរក្សា​កុមារ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​ផង​ដែរ​ ហើយ​ដោយសារ​តែ​ទឹកចិត្ត​មនុស្សធម៌​របស់​នាង​ទាំង​នេះ​ហើយ បាន​ធ្វើ​ឲ្យ​នាង​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ស្រប​ច្បាប់ ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​បាទ​នរោត្តម​សីហ​មុនី ។
maddox

No comments:

Post a Comment