Friday, November 13, 2015

Wal-Mart គ្រោង​ប្រើ Drone សម្រាប់​បញ្ជូន​ទំនិញ​ឲ្យ​អតិថិជន

សាន់ហ្វ្រាន​ស៊ីស្កូ៖ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន Wal-Mart ដែល​ជា​ក្រុម​ហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​គ្រោង​ប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន។
ក្រុម​ហ៊ុន​លក់​ទំនិញ​ដ៏​ធំ​នេះ បាន​ធ្វើ​ការ​សាកល្បង​បច្ចេក​វិទ្យា​នៅ​ខាង​ក្នុង​ក្រុមហ៊ុន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ​ហើយ​កាលពី​ថ្ងៃ​ច័ន្ទនេះ​ ក្រុម​ហ៊ុន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​វា​ជា​ផ្លូវ​ការ​​ពីរ​អាជ្ញាធរ​គ្រប់​គ្រង់​ការ​ហោះ​ហើរ​របស់​សហរដ្ឋ​អាមេរិច​រួច​ទៅ​ហើយ។
ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូនអ៊ីវ៉ាន​ ក្រុម​ហ៊ុន​ Wal Mart ក៏​ចង់ប្រើ​​ប្រាស់កូន​យន្តហោះ​​ដែល​គ្មាន​មនុស្ស​បើក​នេះសម្រាប់​ត្រួត​ពិនិត្យ​ឃ្លាំង​ទំនិញ ឬ​បរិក្ខា​រផ្សេងៗ​ដែល​ជា​កម្មសិទ្ធ​របស់​ក្រុម​ហ៊ុន ឬ​សម្រាប់​ដឹក​ជញ្ជូន​អ៊ីវ៉ាន​ដែល​អតិថិជន​បាន​ទិញ​ពី​ក្នុង​ហាង​ ទៅរថយន្ត​របស់​ពួក​គេ​ផង​ដែរ។
កាល​ពី​ខែ មីនា រដ្ឋបាល​​អាកាសចរណ៍​សហព័ន្ធ​អាមេរិក ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន ​Amazon ដែល​ជា​ក្រុម​ហ៊ុន​លក់​ទំនិញ​តាម​អ៊ីនធើណេត​ដ៏​ធំ​មួយ​ទៀត​របស់​អាមេរិច ​ធ្វើ​ការ​សាកល្បង​ទៅ​លើ​កម្ម​វិធី​បច្ចេក​វិទ្យា​ Drone របស់​វា។

ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថា​ ខ្លួន​នឹង​អាច​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដែល​អាច​យក​កញ្ចប់​ទំនិញ​តូចៗ​ទៅ​ដល់​គោល​ដៅ​ដោយ​ប្រើ​ប្រាស់​រយៈ​ពេល​ត្រឹម​តែ​ ៣០​នាទី​​ប៉ុណ្ណោះ។
ចំណែក​ឯ​ក្រុម​ហ៊ុន​ Google ឯ​ណោះ​វិញ​ ក៏​មាន​បំណង​ចង់​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នេះ​ដែរ​ ហើយ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ពោល​គឺមួយ​ខែ​មុន​ពេល​ដែល​ Amazon ដាក់​ពាក្យ​ស្នើ​សុំ​ការធ្វើ​ការ​សាកល្បង​ហោះ​ហើរ​កូន​យន្តហោះ​ Drone​ ក្រុម​ហ៊ុន​នេះ ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​ខ្លួន​កំពុង​តែ​ធ្វើ​ការ​ពិសោធន៍​សាកល្បងកូន​យន្តហោះ​ Drone ​របស់​ខ្លួន​ ​ដើម្បី​ប្រើ​ប្រាស់​វា​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ដែល​ត្រូវ​បាន​ទិញ​តាម​អ៊ីន​ធើ​ណេត៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment