Tuesday, November 3, 2015

នគរបាលចរាចរណ៍ ក្នុងរយៈពេល២ថ្ងៃ ឃាត់ម៉ូតូ និងរថយន្តប្រើប្រាស់ ស្លាកលេខនគរបាល មិនត្រឹមត្រូវបានជិត៣០គ្រឿង

ភ្នំពេញ ៖ អនុវត្តតាមផែនការសកម្មភាពរបស់អគ្គស្នងការនគរបាលជាតិ ក្នុងរយៈពេល២ថ្ងៃ កងកម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធា្នប់ បានចុះត្រួតពិនិត្យចរាចរណ៍ នៅតាមដងផ្លូវ ចាប់ឃាត់រថយន្ត និងម៉ូតូពាក់ស្លាកលេខនគរបាលមិនត្រឹមត្រូវ បានប្រមាណ ២៥គ្រឿង និងរថយន្ត១គ្រឿង ព្រមទាំងឃាត់ខ្លួនអ្នកប្រើប្រាស់យានយន្តល្មើសច្បាប់មួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ឯក សុខ ណុប អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ថ្លែងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងឱកាសដឹកនាំកម្លាំងត្រួតពិនិត្យយានយន្តនៅផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ថា ការចុះត្រួតពិនិត្យចាប់ឃាត់យានយន្តពាក់ស្លាកលេខខុសច្បាប់ គឺបានចាប់ផ្តើមចុះបង្ក្រាប និងអនុវត្តច្បាប់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រហូតទៅនៅទូទាំងប្រទេស។
ការដឹកនាំកម្លាំងចុះល្បាតចាប់ឃាត់រថយន្ត និងម៉ូតូពាក់ស្លាកលេខនគរបាលខុសច្បាប់ នៅតាមបណ្តាដងផ្លូវនោះ គឺត្រូវបានគេឃើញថា មានការចុះត្រួតពិនិត្យសកម្មភាពនៅតាមគោលដៅដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ និងមន្ត្រីជំនាញក្រុមការងារមួយចំនួនទៀត។
លោកវរសេនីយ៍ឯក សុខ ណុប បន្តថា សម្រាប់យានយន្ត ដែលបានដកហូត និងអ្នកប្រើប្រាស់ដែលឃាត់ខ្លួននឹងយកទៅរក្សាទុកក្នុងអង្គភាព ដើម្បីដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់យានយន្តពាក់ស្លាកលេខនគរបាល។
គ្រប់យានយន្តដែលពាក់ស្លាកលេខនគរបាល ជាគោលការណ៍ត្រូវបានគេដឹងថា បន្ទាប់ពីកងកម្លាំងនគរបាលយកប្រើប្រាស់សម្រាប់បំពេញបេសកកម្មការងារចប់សព្វគ្រប់រួចហើយ យានយន្តទាំងនោះត្រូវបានគេយកទៅរក្សាទុកក្នុងអង្គភាពនគរបាល ហើយមិនអាចយកទៅរក្សានៅក្នុងផ្ទះប្រើប្រាស់ជាកម្មសិទ្ធផ្ទាល់បានឡើយ។
ដោយ មុន្នី proleng khmer

No comments:

Post a Comment