Thursday, November 19, 2015

ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ចិន នឹង​ក្លាយ​ជា​ព្រលាន​ធំ​ជាង​គេ​ក្នុង​​លោក ឆ្នាំ​២០៤០

ព្រលាន​យន្តហោះ​​ថ្មី​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន នឹង​ក្លាយ​ជា​ព្រលាន​​យន្តហោះ​ធំ​ជាង​គេ​​លើ​ពិភពលោក​ ក្រោយ​ពេល​សង់​រួច​​រាល់​ជា​ស្ថាពរ​នៅ​ត្រឹម​​ឆ្នាំ​២០៤០។

តាម​​​ប្រភព​ព័ត៌មាន​ចិន Beijing Times កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ ព្រលាន​យន្តហោះ​ថ្មី​ជា​គម្រោង​សាង​សង់​ក្នុង​​សង្កាត់ Daxing District នៃ​រដ្ឋធានី​ប៉េកាំង។ វា​ត្រូវ​បាន​រចនា​ដោយ​​​ស្ថាបត្យករ​ ជន​ជាតិ​អង់គ្លេស​​កើត​នៅ​អ៊ីរ៉ាក់ លោក​ Zaha Hadid ដោយ​ការ​​រចនា​ជា​ពិសេស​​ជា​រាង​ដូច​​ស្រដៀង​នឹង​សត្វ​នាគ​​ធន់​​នឹង​​ភ្លៀង​ និង​ខ្យល់​បាន​​​ដែល​ជា​ផ្នែក​សំខាន់​នៃ​ព្រលាន​យន្តហោះ។

លោក Wang Baoling អនុប្រធាន​ក្រុម​ហ៊ុន​ Beijing SIA City Holdings Co. Ltd បាន​លើក​ឡើង​ក្នុង​​ពិព័រណ៍​នៃ​ការ​បង្ហាញ​ការ​រចនា​នៅ​ក្រុង​ប៉េកាំង​ថា៖ “ព្រលាន​យន្ត​ហោះ​ថ្មី​​នឹង​​​មាន​សមត្ថភាព​​​​ជួយ​​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​​​របស់​អ្នក​ដំណើរ​​បាន​​ ១០០លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ការ​សាង​សង់​របស់​វា​គឺ​ចេញ​ជា​ពីរ​ដំណាក់​កាល ចាប់​ពី​ឆ្នាំ​២០៤០​ទៅ វា​នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​ធំ​ជាង​គេ​នៅ​​លើ​ពិភពលោក”។

លោក Wang បាន​បន្ថែម​ទៀត​ថា ព្រលាន​យន្ត​ហោះ​ខាង​លើ នឹង​​ដាក់​ឲ្យ​​ដំណើរ​នៅ​ឆ្នាំ​២០១៩ ដោយ​មាន​ ៤​ផ្លូវ​​ហោះ​ហើរ ចំណែក​​ផ្លូវ​ហោះ​ហើរ​២​ទៀត​​នឹង​បម្រើ​ការ​ជូន​អ្នក​ដំណើរ​ក្រោយ​សាង​សង់​ហើយ​ដំណាក់​កាល​ទី​២ ​ឆ្នាំ​២០៤០។

បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ព្រលាន​យន្តហោះ​​អន្តរជាតិ​ Los Angeles នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋអាមេរិក គឺ​ជា​​ព្រលាន​យន្តហោះ​ធំ​ជាង​គេ​​លើ​លោក ដែល​អាច​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដល់​អ្នក​ដំណើរ​បាន​ ៩៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕



No comments:

Post a Comment