Wednesday, November 18, 2015

សេដ្ឋកិច្ច​ជប៉ុន​ដាំ​ក្បាល​ចុះ​លើក​ទី៥​ ​រយៈពេល ៧ឆ្នាំ​ចុងក្រោយ

​​សេដ្ឋកិច្ច​ជប៉ុន​​ ​បាន​ធ្លាក់​ចុះ​ជា​ថ្មី​នៅ​​ត្រី​មាស​ទី​បី​ ឆ្នាំ២០១៥។ នេះ​បើ​តាម​ការិយាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៦​ ​វិច្ឆិកា​ម្សិលមិញ។ ​

សេដ្ឋកិច្ច​ជប៉ុន​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ក្នុង​ត្រី​មាស​ទី ៣នេះ ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​​​​ពីរ​ត្រី​មាស​ជាប់​ៗ​គ្នា និង​ធ្វើ​ឲ្យ​ប្រទេស​​មាន​សេដ្ឋកិច្ច​​ធំ​លំដាប់​ទីបី​របស់​ពិភពលោក​នេះ​កំពុង​រង​ភាព​​រង្គោះរង្គើ​។ ភាគហ៊ុន​នៅ​រាជធានី​​តូក្យូ​ ​បាន​ធ្លាក់​​ប្រមាណ ១% ​កាលពី​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ។

នាយក​រដ្ឋ​មន្រ្ដី​ជប៉ុន សិនហ្សូ អាបេ
ក្នុង​រយៈពេល​បី​ខែ គិត​ត្រឹម​ខែ កក្កដា​ ដល់​ខែ​កញ្ញា សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់​ចុះ​ដល់ ០,៨% ​ច្រើន​ជាង​ការ​រំពឹង​ទុក ០,២% ដែល​ធ្វើ​ឲ្យ​វា​ដាំ​ក្បាល​ចុះ​លើក​ទី​៥ ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយ​។

ការ​ធ្លាក់​ចុះ​​នេះ​បាន​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន ​ដោយសារ​ចិន​កាត់​បន្ថយ​​​តម្រូវការ​​សម្ភារៈ​ឧស្សាហកម្ម ​​ម៉ាស៊ីន​​សម្រាប់​ការ​សាងសង់ និង​ទំនិញ​ជាច្រើន​មុខ​ទៀត ដែល​ផ្គត់​ផ្គង​ដោយ​ជប៉ុន។ ​មួយ​វិញ​ទៀត ​ជប៉ុន​​ ​កំពុង​ខ្វះ​កម្លាំង​ពលកម្ម។ ​

បើ​យោង​ទៅ​តាម​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ជប៉ុន ​រដ្ឋាភិបាល​ក៏​បាន​កំពុង​​ធ្វើការ​លើ​កម្មវិធី​លើក​ស្ទួយ​សេដ្ឋកិច្ច​ដែរ ជាមួយ​ទឹក​ប្រាក់​​ប្រមាណ ២៩ពាន់លានដុល្លារ ប៉ុន្តែ​ទិដ្ឋភាព​សេដ្ឋកិច្ច​ជប៉ុន​នៅ​តែ​​ទន់​ខ្សោយ។ អ្នក​វិភាគ​ជាច្រើន​ព្យាករ​​ថា​កំណើន​នឹង​មាន​ត្រឹម​​មធ្យម​ប៉ុណ្ណោះ​សម្រាប់​ត្រី​មាស​នេះ ដោយសារ​ក្រុមហ៊ុន​នៅ​ជប៉ុន​ជាច្រើន នៅ​ស្ទាក់​ស្ទើរ​​​វិនិយោគ ដោយ​ខ្លាច​​​ក្រែង​ប្រាក់​ឈ្នួល​បុគ្គលិក​កើន​ឡើង​ ដែល​ត្រូវ​ប្រជែង​នឹង​​ផែន​ការ​សេដ្ឋកិច្ច​នាយករដ្ឋមន្ត្រី​អាបេ។

លោក​អាបេ ដែល​កាន់​តំណែង​រយៈពេល ៣ឆ្នាំ ​បានបង្កើត​ឲ្យ​មាន​ផែនការ​សេដ្ឋកិច្ច «Abenomics» ​ដោយ​មាន​ជំនួយ​ពី​ធនាគារ​ជាតិ និង​ធនាគារ​ជប៉ុន (Bank of Japan) បាន​ជួយ​ឲ្យ​ទីផ្សារ​ភាគហ៊ុន ​និង​តម្លៃ​ប្រាក់​យេន​កើន​ឡើង ដោយ​​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​​ជាច្រើន​ដូចជា Toyota អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ពីក្រៅ​ប្រទេស​ផង​ដែរ៕
 ដោយ មុន្នី proleng khmer

No comments:

Post a Comment