Friday, November 13, 2015

ក្បាច់គុនល្បុក្កតោខ្មែរ ដណ្ដើមបានជ័យលាភី លេខ២ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍ពិភព លោកនៅកូរ៉េ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុក្កតោ កម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានថ្លែងឲ្យដឹងមុននេះបន្ដិចថា អ្នកលេងក្បាច់គុនបុរាណខ្មែរ (ល្បុក្កតោ) ២នាក់ គឺកីឡាករ ហត សេងហ៊ន និងកីឡាការិនី សំ ថារ័ត្ន បានដណ្ដើមជ័យលាភីលេខ២ ជូនប្រទេសកម្ពុជាពីការប្រកួតក្នុងព្រឹត្តិការណ៍មហោស្រពកីឡា យុទ្ធសិល្ប៍ពិភពលោក World Martial Art Union លើកទី១៤ នៅសាធារណៈរដ្ឋកូរ៉េ គ្រាដែលចំណាត់ថ្នាក់លេខ១ គឺបានទៅក្បាច់គុនបុរាណ របស់ប្រទេសប្រេស៊ីល ។
លោកបានបន្ដថា នេះគឺជាជោគជ័យធំធេងមួយ សម្រាប់កីឡាក្បាច់គុនបុរាណខ្មែរ ដែលបុព្វបុរសជំនាន់ដើមបាន បន្សល់ទុករហូតមកដល់បច្ចុប្បន្ន ហើយបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់កាន់តែច្បាស់អំពីសម្បត្តិវប្បធម៌ អរូបិយរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានោះលោកក៏បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានបញ្ចេញទេពកោសល្យដ៏ល្អ បង្ហាញឲ្យពិភពលោកបានស្គាល់ពីកីឡាក្បាច់គុនល្បុក្កតោខ្មែរ ។


ប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ថា «សម្រាប់ជ័យលាភីលេខ២ ពេលនេះ គឺជាលើកទី២ហើយ ដែលកីឡាក្បាច់គុន បុរាណខ្មែរ ទទួលបានពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពនេះ ខណៈលើកទី១ កម្ពុជាទទួលបានកាលពីឆ្នាំ២០១០ ។ ទោះបីយើងពុំទទួលបានលេខ១ ប៉ុន្ដែលទ្ធផលនេះ គឺជាមោទនភាពសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល ព្រោះកីឡាករ-កីឡាការិនីកម្ពុជា បានយកឈ្នះក្បាច់គុនបុរាណផ្សេងៗជាង ៣០ប្រទេសឯណោះ ខណៈចាញ់តែមួយប្រទេស ប៉ុណ្ណោះ» ។
«ជ័យលាភីនេះដែរ គេនឹងយកទៅសរសេរក្នុងសៀវភៅប្រវត្តិសាស្រ្តមួយ ដែលសហព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក និងអង្គការ UNESCO បានសហការគ្នា ដើម្បីអភិរក្សកីឡាក្បាច់គុនបុរាណ ហើយក្នុងនោះគុនល្បុក្កតោកម្ពុជា ក៏នឹង មានវត្តមាន ជាពិសេសក្នុងកំណត់ត្រាដ៏ល្អលើពិភពលោកផងដែរ» នេះបើតាមការបញ្ជាក់ឲ្យដឹងបន្ថែមពីលោក វ៉ាត់ ចំរើន ។ លើសពីនេះ លោកក៏បានប្ដេជ្ញានឹងជំរុញឲ្យកីឡាល្បុក្កតោខ្មែរ ឲ្យក្លាយទៅជាកីឡាក្បាច់គុនបុរាណមួយ នៅ ក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយរបស់មនុស្សជាតិ ដែលទទួលស្គាល់ដោយអង្គការ UNESCO ។
គួរបញ្ជាក់ថា ទន្ទឹមជាមួយនឹងការរៀបចំព្រឹត្តិការណ៍ World Martial Art Union នេះដែរ សហព័ន្ធកីឡាយុទ្ធសិល្ប៍ ចម្រុះពិភពលោក និងអង្គការ UNESCO ក៏បានរៀបចំកិច្ចប្រជុំមហាសន្និបាតស្ដីពីកីឡាយុទ្ធសិល្ប៍ចម្រុះពិភពលោក នេះនៅសាធារណៈរដ្ឋកូរ៉េផងដែរ ។ នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំ និងអ្នកអភិរក្សក្បាច់គុនបុរាណជាច្រើន បានចាប់ អារម្មណ៍នឹងកីឡាល្បុក្កតោកម្ពុជា បន្ទាប់ពីមានការធ្វើបទ បង្ហាញអំពីប្រវត្តិ មេគុន និងវត្ថុតាំងផ្សេងៗ ដែលជាមូលដ្ឋាន របស់កីឡាល្បុក្កតោខ្មែរ ។ ដូច្នេះគេជឿជាក់ថា នៅថ្ងៃអនាគត កីឡាល្បុក្កតោ នឹងមានវត្តមានក្នុងបញ្ជីបេរិកភណ្ឌ អរូបិយពិភពលោកជាមិនខាន ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment