Monday, November 16, 2015

ជំងឺ​ថប់​អារម្មណ៍ គឺជា ផ្នែក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

តើ​អ្វី​ទៅ​ជា​ជំងឺ​ថប់​អារម្មណ៍?

ជំងឺ​​ថប់​អារម្មណ៍​ គឺជា​ការ​ថប់​អារម្មណ៍​ក្នុង​ពេល​វេលា​ខ្លី និង វែង នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ ប្រសិន​ការ​ថប់​អារម្មណ៍​ក្រោម​១ សប្ដាហ៍​ចុះ​ ដោយសារ​​ការ​បរាជ័យ​លើ​មុខ​របរ ឬ ការ​ត្អូញត្អែរ​លើ​អ្វី​មួយ​ក្នុង​រយៈ​ពេល​ ២-៣ ថ្ងៃ​បាត់​ទៅ​វិញ​ដោយ​មិន​ប៉ះពាល់​ដល់​មុខ​ងារ​​ការងារ នោះ​គ្រាន់​តែ​ជា​ប្រតិកម្ម​អារម្មណ៍​ធម្មតា។

ឯ​ជំងឺ​ថប់​អារម្មណ៍​ គឺ​មាន​សភាព​ខ្លាំង​ក្លា​ជាង​នេះ ដោយ​មាន​រយៈ​ពេល​យូរ (១ខែឡើង​ទៅ) ហើយ​ប៉ះពាល់​ដល់​តួនាទី​​ មុខងារ និង ជីវិត​​ប្រចាំ​ថ្ងៃ​របស់​អ្នក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង ជា​នាយក​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ។

តើ​ជំងឺ​ថប់​អារម្មណ៍ និង ជំងឺ​ផ្លូវ​ចិត្ត​ខុស​គ្នា​ដូច​ម្ដេច?

លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្លូវ​ចិត្ត​ គឺជា​ ក្បាល​ម៉ាស៊ីន ឬ ជា​ជំងឺ​ធំ​មួយ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍ ការ​គិត ធ្វើ និង អាកប្បកិរិយា​ដែល​មាន​ច្រើន​ប្រភេទ​ ហើយ​ក្នុង​នោះ​មាន​ជំងឺ​ថប់​អារម្មណ៍។ បាន​សេចក្ដី​ថា ជំងឺ​ថប់​អារម្មណ៍​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ផ្លូវ​ចិត្ត ហើយ​ក្រុម​ជំងឺ​ថប់​អារម្មណ៍​មាន​ប្រភេទ​ជំងឺ​តូច​ៗ​ជាច្រើន​ទៀត។


តើ​បុរស​ឬ​ស្ត្រី​​មួយ​ណា​ងាយ​កើត​ជំងឺ​ថប់​អារម្មណ៍​ជាង​គេ?

ស្រ្តី​ប្រឈម​ខ្ពស់​ជាង​បុរស​រហូត​ដល់​ទៅ​ពីរ​ដង​ ដែល​ងាយ​នឹង​កើត​ជំងឺ​ថប់​អារម្មណ៍។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ងាយ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​បណ្ដាល​មក​ពី កត្តា​សង្គម, កត្តា​ចិត្ត​សាស្ត្រ, កត្តា​គីមី និង កត្តា​រាងកាយ។ នេះជា​ការ​លើក​ឡើង​របស់​ លោក​វេជ្ជ​បណ្ឌិត យឹម សុបុត្រា។

តើ​ជំងឺ​ថប់​អារម្មណ៍​មាន​រោគ​សញ្ញា ដូច​ម្ដេច​ខ្លះ?

លោក​វេជ្ជ​បណ្ឌិត​យឹម​សុបុត្រា​ លើក​ឡើង​ថា ជំងឺ​ថប់​អារម្មណ៍​មាន​រោគ​សញ្ញា​ពីរ​យ៉ាង គឺ កត្តា​រាង​កាយ និង កត្តា​ផ្លូវ​ចិត្ត។

កត្តា​រាង​កាយ៖ ឈឺ​ក្បាល, វិល​មុខ, ស្រវាំង​ភ្នែក, បេះ​ដូង​ដើរ​ញាប់ ដង្ហើម​ខ្លី, ចុក​ឆ្អល់​ក្រពះ, តឹង​ទ្រូង, នោម​ញឹក, ញាំ​អាហារ​រួច​ហើយ​តែ​នៅ​តែ​មាន​អារម្មណ៍​អស់​កម្លាំង, ឧស្សាហ៍​ខ្យល់ (កោស​ខ្យល់​ញឹកញាប់) ចង្អោរ​ក្អួត ជាដើម។

កត្តា​ផ្លូវ​ចិត្ត៖ ឆាប់​ភ័យ, មាន​ទុក្ខ​ព្រួយ​ជាប់​, កង្វល់​ក្នុង​ចិត្ត​, ឆាប់​ភ្ញាក់, យល់​សប្ដិ​ច្រើន​ (សុបិន​អាក្រក់) ភ័យ​ខ្លាច​ស្លាប់​ជាដើម។

មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺ​ថប់​អារម្មណ៍

​លោក​វេជ្ជ​បណ្ឌិត បាន​និយាយ​ថា មូលហេតុ​គឺ​ដូចជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែរ ដែល​មាន​ ៤ កត្តា​សំខាន់​ ក្នុងនោះ រួមមាន កត្តា​សង្គម, កត្តា​ចិត្ត​សាស្ត្រ, កត្តា​គីមី កត្តា​រាងកាយ។



តើ​ជំងឺ​ថប់​អារម្មណ៍​គេ​ព្យាបាល​ដូច​ម្ដេច?

លោក​វេជ្ជ​បណ្ឌិត​បាន​ឲ្យ​ដឹង​ថា កាល​ណា​មនុស្ស​ម្នាក់​មាន​ជំងឺ​ថប់​អារម្មណ៍ ហើយ​មិន​ព្រម​ព្យាបាល​ គឺ​វា​នឹង​បម្លែង​ខ្លួន​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​អាច​ធ្ងន់ធ្ងរ​រហូត​ដល់​ចង់​សម្លាប់​ខ្លួន​ក៏​មាន។ ដូច្នេះ ប្រសិន​បើ​មិត្ត​អ្នក​អាន​មាន​រោគសញ្ញា​ថប់​អារម្មណ៍​យូរ​ថ្ងៃ​ ខែ ហើយ​ទៅ​ពិនិត្យ​ពេទ្យ​ផ្នែក​រាងកាយ​រក​មិន​ឃើញ​រោគ​សញ្ញា គឺ​គប្បី​មក​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្លូវ​អារម្មណ៍ ឬ ផ្លូវ​ចិត្ត។

ដំណាក់​កាល​នៃ​ការ​ព្យាបាល

១. ប្រឹក្សា​ផ្នែក​ចិត្តសាស្រ្ត
២. ហាត់​ប្រាណ, ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ចៀសវាង​ ញាំ​កាហ្វេ បារី និង ស្រា​ជាដើម
៣. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់
៤. ផ្ដល់​ឱសថ​ប្រឆាំង​នឹង​ជំងឺ​ថប់​អារម្មណ៍៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment