Tuesday, November 3, 2015

បើ​ម្ដាយ​ឪពុក​មិន​ព្រម គូរស្នេហ៍​​អាច​ស្នើ​សុំ​ចុះ​បញ្ជី​រៀបការ​បាន​អត់ ?

យុវវ័យ​និង​ស្នេហា៖ ការ​ស្នើ​សុំ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​ការ​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​របស់​យុវវ័យ​មួយ​ចំនួន​តែ​ពួក​គាត់​មិន​ព្រម បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​កង្វល់ និង​ជា​បញ្ហា​មួយ​របស់​ពួកគេ​ក្នុង​ការ​សម្រេច​ចិត្ត ព្រោះ​ថា​មួយ​ជា​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​មួយ​ទៀត​ជា​អ្នក​មាន​គុណ។ ចុះ​បើ​សិន​ជា​ករណី​នេះ​ គូស្នេហ៍​​អាច​ស្នើ​សុំ​ចុះ​បញ្ជី​រៀបការ​បាន​អត់? បើ​ម្ដាយ​ឪពុក​បដិសេធ។
ឆ្លើយ​តប​និង​ករណី​នេះ​យុវតី ចាន់ ​លីនី​ វ័យ​១​៩​ឆ្នាំ ដែល​ទើប​តែ​​បាន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៥​នេះ​និយាយ​ថា ​បើ​តាម​ការ​ធ្លាប់​ដឹង​កន្លង​មក​ បុរស​នារី​ដែល​ពេញ​វ័យ​រៀប​ការ អាច​ស្នើ​សុំ​ចុះ​អេតាស៊ីវិល​បាន ទោះ​បី​ជា​ម្ដាយ​ឪពុក​មិន​ព្រម​ក៏​ដោយ​ សំខាន់​គាត់​ស្រឡាញ់​គ្នា​ ចេះ​អត់​ឱន​ឲ្យ​គ្នា​ ហើយ​គិត​ថា​ខ្លួន​អាច​កសាង​គ្រួសារ​មួយ​ប្រកប​ដោយ​សុភមង្គល​បាន​។​
​កញ្ញា លី​នី​៖ “បើ​ពួក​គាត់​ស្រឡាញ់​គ្នា​ពិត​និង​គិត​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ដូច្នេះ​គាត់​អាច​ទៅ​សុំ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​បាន​នៅ​សា​លា​ឃុំ​​ ព្រោះ​ច្បាប់​មិន​បាន​ហាម​នោះ​ទេ“​។
ដោយឡែក​យុវជន​ឈ្មោះ ​ឈិន ជិន វ័យ​២៣​ឆ្នាំ​ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​លើក​ឡើង​ថា​ វា​មិន​ទាស់​ខុស​អ្វី​នោះ​ទេ​បើ​សិន​ជា​គូស្នេហ៍​វ័យ​គ្រប់​ការ​ស្រឡាញ់​គ្នា​ ហើយ​ចង់​ស្នើ​សុំ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​សាលា​សង្កាត់​នោះ ទោះ​ជា​ម្ដាយ​ឪពុក​ខាង​ណា​មិន​ព្រម​ក៏​ដោយ​ឲ្យ​តែ​ពួក​គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​លើក​ផ្នែក​សេដ្ឋកិច្ច។
 
យុវជន ឈិន ជិន៖ “​បើ​តាម​នីតិ​គ្រួសារ មិន​អាច​ហាម​ឃាត​នោះ​ចំពោះ​គាត់ ឲ្យ​តែ​ស្រឡាញ់​គ្នា​ហើយ​ពួក​គាត់​អាច​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​បាន អាច​ទ្រទ្រង់​លើ​ការ​ចំណាយ​ខ្លួន​បាន ចង់​មានន័យថា​គាត់​ឯករាជ្យ​លើ​ខ្លួន​បាន គាត់​ធ្វើ​បាន​ហើយ”។
ទាំង​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​យុវជន​ខាង​លើក​ប៉ុណ្ណោះ តែ​ដើម្បី​​ឲ្យ​យល់​​កាន់​តែ​ច្បាស់​នោះ​សូម​បង្វែរ​អារម្មណ៍​មិត្ត​អាន​មក​ជួប​និង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ច្បាប់​វិញ​ម្ដង​។
លោក​មេធាវី កែវ វ៉ាន្នី សាស្ត្រាចារ្យ​ច្បាប់ ជំនាញ​នីតិ​រដ្ឋប្បវេណី​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​តាម​មាត្រ​៩៤៨​នៃ​ក្រមរដ្ឋប្បវេណី​បាន​បញ្ជាក់​ថា បុគ្គល​ដែល​មាន​អាយុ​ចាប់​១៨​ឆ្នាំ​ទៅ(នីតិជន) អាច​រៀបការ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​នោះ​ទេ។ ការ​រៀប​ការ​នេះ​ធ្វើឡើង​ដោយ​គោលការណ៍​ស្ម័គ្រ ហើយ​ឪពុក​ម្ដាយ​មិន​អាច​​ជា​ឧបសគ្គ​ក្នុង​ការ​រៀបការ​ឡើយ​​។
មេធាវី​រូប​នេះ​បាន​បន្ត​ថា៖ ដើម្បី​រៀប​ការ​បាន​ បុគ្គល​ទាំង​ពីរ​គ្រាន់​តែ​បំពេញ​តាម​​នីតិវិធី​ទាំង​​៤​ចំណុច​នៃ​មាត្រា​៩៥៥ រួម​មាន៖ ទី១. ការ​ជូន​ដំណឹង​ដែល​បាន​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​អត្រានុកូលដ្ឋាន, ទី​២​.ធ្វើ​ប័ណ្ណ​ប្រកាស​  គឺ​ប្រកាស​ជា​សាធារណៈ​, ទី៣. ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍ និង​ចុង​ក្រោយ​គឺ​ការ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍៕​​
ដោយ មុន្នី​  proleng khmer

No comments:

Post a Comment