Monday, November 16, 2015

ក្រសួង​ការ​បរទេស៖ មិន​មាន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ក្នុង​ហេតុការណ៍​នៅ​ភោជនីយដ្ឋាន​ខ្មែរ​នៅ​បារាំង

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អះអាង​ថា មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ពី​ក្រុម​ភេរវកម្ម​ទៅ​លើ​ភោជនីយដ្ឋាន​ខ្មែរ​មួយ​កន្លែង​ឈ្មោះ ឡឺ ប៉ើទី កាំបូឌ (Le Petit Cambodge) នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា នោះ​ទេ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង បាន​ចុះ​ទៅ​ដល់​ភោជនីយដ្ឋាន​ដែល​រង​ការ​វាយ​ប្រហារ​នោះ​រួច​ហើយ។ លោក​ថា ក្រោយ​ពេល​សាកសួរ​ម្ចាស់​ហាង​ជា​ជនជាតិ​ខ្មែរ​នៅ​ទីនោះ គឺ​មិន​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​បាន​រង​របួស ឬ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ។
យ៉ាង​ណា លោក ជុំ សុន្ទរី ថា សម្រាប់​ការ​វាយ​ប្រហារ​នៅ​កន្លែង​ផ្សេងៗ​ទៀត ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង កំពុង​ទាក់ទង​ជាមួយ​សមត្ថកិច្ច​បារាំង បន្ត​ទៀត៖ «ពី​យប់​មិញ​ស្ថានទូត​យើង​បាន​រាយការណ៍​មក​ថា ស្ថានទូត​បាន​ចុះ​ទៅ​ផ្ទាល់​ដល់​ភោជនីយដ្ឋាន ឡឺ ប៉ើទី កាំបូឌ ហើយ​បាន​បញ្ជាក់​មក​ថា អត់​មាន​ពលរដ្ឋ​ខ្មែរ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ និង​អ្នក​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ភោជនីយដ្ឋាន​ឡើយ»



ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម អាយ ស៊ីស (ISIS) កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​បើក​ការ​វាយ​ប្រហារ​លើ​ទីតាំង​ចំនួន ៦​កន្លែង​ចំ​កណ្ដាល​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​រហូត​មក​ទល់​ពេល​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១២៩​នាក់​បាត់បង់​ជីវិត។ ការ​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​រយៈពេល ១០​ខែ ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ទស្សនាវដ្ដី​បារាំង ឈ្មោះ ឆាលី ហេបដូ (Charlie Hebdo) ដែល​កាល​ណោះ​បាន​បណ្ដាល​មនុស្ស​ចំនួន ១២​នាក់​ស្លាប់។
រដ្ឋាភិបាល​កម្ពុជា និង​បក្ស​ប្រឆាំង ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ពេល​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​នេះ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment