សំណង់អគារមួយកន្លែងកម្ពស់ ១១៨ម៉ែត្រ ត្រូវបានក្រុមវិស្វករកម្ទេចរាប់ដល់ដីត្រឹមតែ ១៣វិនាទី ប៉ុណ្ណោះ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនៅក្រុង Xián ភាគពាយ័ព្យខេត្តសានស៊ី ប្រទេសចិន។
អគារនេះឈ្មោះ Huangqiu Xi’an Zhongxin ស្ថិតនៅតាមមហាវិថី Gaoxiner មានកម្ពស់ ២៦ជាន់ បានដួលរាបដល់ដីដូចការគ្រោងទុក ដោយមានសំណាញ់ការពារជុំវិញផង។ ប្រតិបត្តិការនេះបានដំណើរការយ៉ាងល្អ ទីមួយអាគាររលំចំប្លង់ និងមួយទៀតរលំចុះនៅកម្ពស់ទាប ខណៈសំឡេង និងកម្លាំងរំញ័រនៃការកម្ទេច ក៏ស្ថិតនៅក្រោមការគ្រប់គ្រងបាន។ នេះបើតាមសម្ដីអ្នកជំនាញ និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Xi’an Jiaotong លោក Zhao Fuxing ។
លោកបន្តថា «បារមួយស្ថិតនៅចម្ងាយប្រមាណតែ៧ម៉ែត្រពីអាគារបាក់ មិនបានប៉ះពាល់ទាល់តែសោះ សូម្បីតែកម្ទេចថ្មក៏មិនបានខ្ទាតចំបារដែរ។ ខ្ញុំពិតជាពេញចិត្តប្រតិបត្តិការនេះណាស់ វាធ្វើបានល្អ»។
សំណង់នេះ គឺជាអគារដែលត្រូវបានកម្ទេចខ្ពស់ជាងគេបំផុតនៅចិន ដោយប្រើរំសេវផ្ទុះ ១,៤តោន។ ប្រតិបត្តិការដដែលនេះ គេប៉ាន់ប្រមាណថាកន្លែងកម្ទេច មានទំហំប្រមាណ ២៤ម៉ឺនម៉ែត្រការ៉េ និងត្រូវបោសសម្អាតប្រើពេល ៧០ថ្ងៃ។
អាគារនេះមានទីតាំងលើដី ៣៧ ០០០ម៉ែត្រការ៉េ ស្ថិតនៅតំបន់អភិវឌ្ឍសេដ្ឋកិច្ចទំនើប ហើយគេនឹងប្រើវាសម្រាប់ទីតាំងពាណិជ្ជកម្មថ្មីដែលគ្រោងសាងសង់ដោយប្រើទឹកប្រាក់ ជាង ៦០០លានដុល្លារ រយៈពេល ៣ឆ្នាំ៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment